(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផេន (Mike Pence) បាននិយាយថា សហរដ្ឋអាមេរិកកំពុងនាំគេលើពិភពលោក ខាងវិស័យអវកាសជាថ្មីម្តងទៀត ប៉ុន្តែនៅតែស្វាគមន៍ជានិច្ចក្នុងការសហការ ជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីពង្រីកកិច្ចប្រឹងប្រែងរុករក របស់មនុស្សលោកយើងនៅទីអវកាស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការប្រារព្ធវេទិកាអវកាសយានិកអន្តរជាតិ IAC នៅរដ្ឋធានីវ៉ាស៊ីនតោន នាដើមសប្តាហ៍នេះលោក Mike Pence បាននិយាយថា កិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាស NASA ដើម្បីបញ្ជូនក្រុមអវកាសយានិកអាមេរិក ត្រឡប់ទៅលើផ្ទៃព្រះច័ន្ទឡើងវិញនៅឆ្នាំ២០២៤ បានសបញ្ជាក់ឲ្យឃើញពីសេចក្តីក្លៀវក្លា និងចក្ខុវិស័យថ្មីនៅក្នុងវិស័យរុករកទីអវកាស ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។

បើតាមលោក Pence តាមពិតទៅគឺជាងមួយជំនាន់មកហើយ ចក្ខុវិស័យសម្រាប់ការរុករកទីអវកាសដោយមនុស្ស គឺហាក់បានចុះទន់ខ្សោយ ទាំងនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញភពលោក ប៉ុន្តែឥឡូវវាលែងដូច្នោះទៀតហើយ។ ដោយស្ថិតក្រោមរដ្ឋបាលប្រធានាធីបតី លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនឹងដឹកនាំពិភពលោក ឆ្ពោះទៅកាន់សម័យកាលរុករកទីអវកាសដ៏ធំទូលាយ។

គួរជម្រាបថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យអង្គការ NASA សម្រេចបេសកកម្មបញ្ជូនមនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទ ជាថ្មីម្តងទៀតឲ្យបាននៅឆ្នាំ២០២៤ ជាមួយគោលដៅរក្សាវត្តមានរបស់មនុស្សលោកក្នុងរយៈពេលវែង ឬជាអចិន្ត្រៃយ៍តែម្តងនៅទីនោះ។ ក្រៅពីនេះ NASA ក៏ត្រូវបានបង្កើតស្ថានីយអវកាសមួយ ដែលដើរតួនាទីជាច្រកផ្លូវសម្រាប់ការចេញបេសកកម្មឆ្ពោះទៅ កាន់ភពអង្គារ (Mars) ផងដែរ ខណៈ NASA កំពុងតែស្វះស្វែងរកការជួយសហការពីសំណាក់ប្រទេសជាដៃគូនៃ ស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់គម្រោងទាំងនេះ៕