(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងរក្សាកងទ័ពមួយចំនួន នៅក្នុងប្រទេសស៊ីរី ខណៈបទឈប់បាញ់រវាងតួកគី និងក្រុមសកម្មប្រយុទ្ធឃើដ នឹងត្រូវអស់សុពលភាព នៅថ្ងៃអង្គារនេះ។ នេះបើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បញ្ជាក់ទៀតថាកងទ័ពអាមេរិកមួយចំនួនតូច នឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីការពារ តំបន់ផលិតប្រេង ខណៈកងទ័ពខ្លះនឹងត្រូវឈរជើងនៅតំបន់ព្រំដែនក្បែរអ៊ីស្រាអែល និងហ្ស៊កដានី។ លោក ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកបានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីតំបន់ភាគខាងជើង ប្រទេសស៊ីរី ដោយទុកឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់ខ្លួនប្រឈមមុខនឹងការវាយលុកពី តួកគីតែម្នាក់ឯង។

ចំណែកឯ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ក៏បានទទួលស្គាល់ដែរថាកងទ័ព អាមេរិកជាង ១,០០០នាក់ ដែលត្រូវបានដកចេញពីភាគខាងជើងស៊ីរី នឹងត្រូវបញ្ជូនឱ្យទៅឈរជើងនៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់។

គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិកជាង ២០០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមតំបន់ជម្លោះជាច្រើន ជុំវិញពិភពលោក ដោយក្នុងនោះកងទ័ពអាមេរិក នៅឯតំបន់ឈូងសមុទ្រ បានកើនឡើងដល់ ១៤,០០០នាក់ ចាប់តាំងពីខែឧសភាមក បើទោះជាលោក ត្រាំ សន្យាយកកងទ័ពអាមេរិកត្រឡប់ទៅផ្ទះវិញក៏ដោយ។
លើសពីនេះទៅទៀត កាលពីដើមខែតុលាកន្លងទៅ មន្ទីរបញ្ចកោណ ថែមទាំងប្រកាសថានឹងបញ្ជូនកងទ័ពអាមេរិក ៣,០០០នាក់ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារជាតិនៃសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់៕