(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន បាននិយាយថាទីក្រុងសេអ៊ូល នឹងបង្កើនកញ្ចប់ថវិកាយោធា ជាមួយការជំរុញឱ្យកូរ៉េខាងជើងត្រឡប់មករកកិច្ចចរចា ខណៈទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ កំពុងឡើងកម្ដៅ ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

លោក មូន ចែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាចំពោះមុខសភាជាតិ នៅថ្ងៃអង្គារនេះ និងចំពេលដែល ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងជាប់គាំង ក្រោយទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់កាលពីប៉ុន្មានខែមុននេះ។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ « នៅឆ្នាំក្រោយ កូរ៉េខាងត្បូង នឹងបង្កើនកញ្ចប់ថវិកាយោធា ៧ភាគរយ ឬស្មើនឹង៤២ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិ ជាពិសេសគឺសមត្ថភាពនាវាមុជទឹក និងផ្កាយរណបស៊ើបការណ៍»

គួរជម្រាបថា ការប្រកាសពីគម្រោងបង្កើនកញ្ចប់ថវិកាយោធារបស់លោក មូន កើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង នៅក្នុងខែតុលានេះ បានធ្វើតេស្ដសាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគស៊េរីថ្មីមួយ បាញ់ចេញពីនាវាមុជទឹក ដែលអ្នកជំនាញខ្លះសន្និដ្ឋានថាជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕