(វ៉ាស៊ីនតោន)៖ រយៈពេល ០៥ខែក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ កត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ចូលក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនអាមេរិកដែលធ្លាប់រកស៊ីជាមួយ Huawei នៅតែរង់ចាំចម្លើយនៅឡើយ ដោយពួកគេមិនដឹងច្បាស់ថា អាចបន្តទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន Huawei បានដែរ ឬក៏អត់ឡើយ ខណៈពាក្យស្នើសុំអាជ្ញាប័ណ្ណពិសេស ក៏ពុំដឹងថ្ងៃណារដ្ឋាភិបាលអាមេរិកនឹងចេញឲ្យនោះដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

កាលពីខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីកុំឲ្យ Huawei អាចទិញគ្រឿងបន្លាស់ ឬសេវាកម្មបច្ចេកវិទ្យាពីក្រុមហ៊ុនរបស់អាមេរិកបាន ក្រោមហេតុផលចោទប្រកាន់ទាំងគ្មាន ភស្តុតាងថា Huawei បង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ខណៈក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់ទាំងអស់ខាងលើនេះ។

ទោះជាបែបនេះក្តី ក្រុមហ៊ុនអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពិសេសពីរដ្ឋាភិបាលអាមេរិក ដើម្បីបន្តលក់ផលិតផលនិងសេវាកម្មឲ្យក្រុមហ៊ុន Huawei បាន ប៉ុន្តែរឿងនេះកំពុងបង្កភាពឈឺក្បាលជាខ្លាំងចំពោះពួកគេ។ ក្រុមហ៊ុនអាមេរិកភាគច្រើន កំពុងតែងឿងឆ្ងល់ពីគោលដៅចុងក្រោយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈដែលពួកគេមកទល់ពេលនេះទៅហើយ មិនទាន់ទទួលបានការបកស្រាយបញ្ជាក់ឲ្យច្បាស់ថា តើពាក្យស្នើសុំអាជ្ញាប័ណ្ណរបស់ពួកគេ នឹងត្រូវអនុញ្ញាតនាពេលណានោះឡើយ ដោយកន្លងមកពួកគេបានជួបពិភាក្សាជាច្រើនលើក ជាមួយក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក និងបានលើកហេតុផលថា ការកត់ឈ្មោះ Huawei ដែលជាអតិថិជនធំបំផុតមួយរបស់ពួកគេនោះ គឺជះផលអវិជ្ជមានជាខ្លាំង ដល់អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ។

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ ក្រោយការជួបមុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តលក់ផលិតផល និងសេវាកម្មមួយចំនួនឲ្យ Huawei ហើយប៉ុន្មានសប្តាហ៍ក្រោយមកលោកថា នឹងពន្លឿននីតិវិធីអនុញ្ញាតពាក្យសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនអាមេរិក ប៉ុន្តែពុំមានពាក្យសុំណាមួយ ត្រូវបានអនុញ្ញាតនោះឡើយក្នុងចំណោមពាក្យស្នើទាំងជាង ២០០ នៅលើតុ។

យ៉ាងណាមិញ ក្រុមហ៊ុនអាមេរិកមួយចំនួនក៏បានសម្រេចបន្តការលក់ផលិតផលនិង សេវាកម្មមួយចំនួនឲ្យ Huawei ដោយមិនរង់ចាំការផ្តល់អាជ្ញាប័ណ្ណពីរដ្ឋាភិបាលអាមេរិកផងដែរ បន្ទាប់ពីពួកគេបានពិនិត្យមើលលើច្បាប់គ្រប់គ្រងការនាំចេញមួយចំនួន ដែលអនុញ្ញាតឲ្យធ្វើយ៉ាងដូច្នោះ៕