(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៧៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ឬហៅជាភាសាជប៉ុនថា សូគូអ៊ីរិ សេដិន ណូ ហ្គិ (Sokuirei Seiden no gi) ត្រូវបានធ្វើឡើងនៅឯសាលរដ្ឋ សេដិន (Seiden State Hall) នៅម៉ោង ១៖០០នាទីរសៀលនេះ (ម៉ោងនៅទីក្រុងតូក្យូ) ក្នុងបន្ទប់ ម៉ាតស៊ូ ណូ ម៉ា (Matsu no Ma) ដោយព្រះចៅអធិរាជគង់លើរាជបល្ល័ង តាកាមីគួរ៉ា (Takamikura) ដោយគ្រងនូវសម្លៀកបំពាក់ប្រពៃណីអធិរាជជប៉ុន។ រីឯព្រះមហេសីរបស់ព្រះអង្គ ម៉ាសាកុ (Masako) បានគង់នៅលើបល្ល័ងមីចូដៃ (Michodai)។ ប៉ុន្តែព្រះរាជពិធីព្យុហយត្រាមួយរបស់ព្រះចៅអធិរាជ និងព្រះមហេសី ត្រូវបានលើកពេលទៅថ្ងៃទី១០ ខែវិច្ឆិកាវិញ ក្រោយរងការវាយប្រហារពីព្យុះទីហ្វុង ហ្គាហ្គីប៊ីស (Hagibis) ខណៈព្យុះទីហ្វុងពីរទៀត កំពុងធ្វើដំណើរមកកាន់ប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ។

គួរជម្រាបថា ព្រះចៅអធិរាជ Naruhito មានព្រះជន្ម ៥៩វស្សា បានឡើងស្នងរាជសម្បត្តិ ជ្រីសានថេម៉ាម (Chrysanthemum) បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា។ នេះគឺជាការដាក់រាជ្យលើកដំបូងបង្អស់របស់ព្រះចៅ អធិរាជជប៉ុន ដែលមិនធ្លាប់មានឡើយក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ។ ការឡើងគ្រងរាជ្យរបស់ ព្រះចៅអធិរាជ Naruhito គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មី ហៅថា រៃវ៉ា (Reiwa)៕