(ស៊ីរី)៖ យោធាអាមេរិកបានសម្រេចទម្លាក់គ្រាប់បែក លើអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសានប្រទេសស៊ីរី បន្ទាប់ពីលោក ត្រាំ បានបញ្ជាឲ្យដកទ័ពចេញទាំងតក់ក្រហល់ពេក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាសទៅលើមូលដ្ឋានទ័ព អាល់គូឡេប (Al-Qulaib) ដែលស្ថិតក្នុងខេត្ត អាល់ហាកាស (Al-Hasakah) ភាគឦសានស៊ីរី។ មូលដ្ឋាននេះទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោមការបញ្ជាឲ្យដកខ្លួនចេញពីតំបន់ភាគខាងជើងស៊ីរី នៅចំពោះមុខការបើកប្រតិបត្តិការយោធារបស់តួកគី។

ខណៈក្រសួងការពារជាតិអាមេរិក មិនបានចេញមុខបកស្រាយជុំវិញព័ត៌មានខាងលើ ការទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ព ដែលត្រូវបានបោះបង់ចោលបែបនេះ អាចជាវិធានការរបស់អាមេរិក ដើម្បីបង្ការកុំឲ្យបរិក្ខាយោធាដែលបន្សល់ទុកនៅទីនោះ ធ្លាក់ទៅក្នុងដៃកងទ័ពស៊ីរី ឬមួយក៏រុស្ស៊ី។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដកទ័ពចេញពីភាគខាងជើងស៊ីរី មុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការចាប់ផ្តើម បើកប្រតិបត្តិការយោធារបស់តួកគី។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) ទើបតែបានបញ្ជាក់ថា កងទ័ពអាមេរិកដែលចាកចេញពីភាគខាងជើងស៊ីរី នឹងត្រូវផ្លាស់ទៅកាន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់វិញ៕