(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា មនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់បាក់ទំនប់ទឹកមួយកន្លែង នៅតំបន់ឃួរ៉ាជីនស្កាយ (Kuraginsky) នៃដែនដីរុស្ស៊ីឈ្មោះ ក្រាសណូយ៉ាសក៍ (Krasnoyarsk) បានកើនដល់ ១៥នាក់ហើយ ខណៈមនុស្ស ១៣នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍បាក់ទំនប់ទឹកខាងលើ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុករករ៉ែមាសមួយ បានកើតឡើងនៅម៉ោង ២៖០០នាទីយប់ឈានចូលថ្ងៃសៅរ៍នេះ ហើយការបាក់ទំនប់ទឹកនេះ ក៏បានបង្ខំឱ្យអណ្ដូងរ៉ែមាសចំនួនពីរកន្លែង ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ខាងលើ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែមានការសន្និដ្ឋានបឋមថា ភ្លៀងធ្លាក់ខ្លាំងអាចជាមូលហេតុចម្បង ដែលបានបណ្ដាលឱ្យទំនប់ទឹកខាងលើបាក់៕