(កាប៊ុល)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦២នាក់ហើយ និង៣៦នាក់ផ្សេងទៀតរងរបួស ក្រោយពីមានការផ្លោងគ្រាប់ ចំលើវិហារអ៊ីស្លាមមួយកន្លែង នៅស្រុក Haska Mina នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាម ការចេញផ្សយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលគ្រាប់ផ្លោងប្រមាណពីរគ្រាប់ ត្រូវបានក្រុមសកម្មប្រយុទ្ធបាញ់ធ្លាក់លើ វិហារអ៊ីស្លាមមួយកន្លែង ចំថ្ងៃដែលអ៊ីស្លាមសាសនិកនាំគ្នាទៅថ្វាយបង្គំនៅតាមព្រះវិហារ។ អ្នកដែលទទួលរងរបួសរាប់សិបនាក់ នោះ ត្រូវបានគេរួសរាន់បញ្ជូនទៅសង្រ្គោះនៅតាមមន្ទីរពេទ្យនានា ដែលនៅក្បែរតំបន់កើតហេតុ។

គួរជម្រាបថា ពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខអះអាងថា ករណីវាយប្រហារខាងលើជាស្នាដៃរបស់ពួកគេនៅឡើយ ទេ ប៉ុន្តែក្រុមតាលីបង់និង ISIS កាន់កាប់តំបន់មួយចំនួននៃខេត្ត Nangarhar ដែលស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល ។ ដោយឡែក បើតាមអង្គការសប្រជាជាតិ ជនស៊ីវិល១,១៧៤នាក់ ត្រូវបានសម្លាប់នៅចន្លោះពីខែកក្កដា ដល់ខែកញ្ញា កន្លងទៅនេះ នៅក្នុងជម្លោះដ៏រុំារ៉ៃ រវាងក្រុមសកម្មប្រយុទ្ធតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕