(វ៉ាស៊ីនតោន)៖ ការដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក លើផលិតផលនាំចូលពីសហភាពអឺរ៉ុប បានចូលជាធរមានហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសម្ព័ន្ធទាំងពីរត្រូវបានគេរំពឹងថា នឹងផ្ទុះឡើងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

កាលពីដើមខែតុលាកន្លងទៅ អង្គការពាណិជ្ជកម្មពិភពលោក WTO បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ដំឡើងពន្ធបន្ថែមលើផលិតផលមានតម្លៃជាង ៧.៥ពាន់ដុល្លារ ដែលនាំចូលពីសហភាពអឺរ៉ុប ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនចោទថា លួចជួយក្រុមហ៊ុនផលិតយន្ដហោះ Airbus ដោយខុសច្បាប់ក្នុងការប្រកួតប្រជែងជាមួយ Boeing ដោយធ្វើឱ្យក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះរងការខាតបង់។ ប៉ុន្តែទន្ទឹមគ្នា សហភាពអឺរ៉ុបក៏បានព្រមានចាត់វិធានការ ឆ្លើយតបទៅនឹងការដំឡើងពន្ធនេះដែរ។

គួរបញ្ជាក់ថា បើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក យន្ដហោះថ្មីៗ និងយន្ដហោះដទៃ ទៀតរបស់អង់គ្លេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញនឹងត្រូវដំឡើងពន្ធនបន្ថែម ១០ភាគរយ ខណៈផលិតផលដូចជា ស្រាស្កុតវីស្គី (Scotch whiskies), ឈីស (cheese), ប្រេងអូលីវ (olives) និងយ៉ាអួ (yogurt) នឹងបន្ថែមពន្ធ ២៥ភាគរយ។ ដូចដែលសហភាពអឺរ៉ុបធ្លាប់បានព្រមានទុករួចហើយថា ខ្លួននឹងដំឡើងពន្ធលើទំនិញអាមេរិកវិញ បើសិនជាអាមេរិកសម្រេចដំឡើងពន្ធដូចខាងលើនេះជាផ្លូវការ៕