(គែរ)៖ រដ្ឋាភិបាលអេហ្ស៊ីបបានសម្រេចចិត្ត ចេញបម្រាមហាមមិនឲ្យពីឡុតម្នាក់ បើកយន្ដហោះអស់មួយជីវិត បន្ទាប់ពីរូបគេបានអនុញ្ញាតឱ្យតារាសម្ដែងអេហ្ស៊ីប ម៉ូហាំម៉េដ រ៉ាម៉ាដន (Mohamed Ramadan) ចូលអង្គុយក្នុងកាប៊ីនពីឡុត និងបញ្ជាយន្ដហោះ កំឡុងពេលហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ។ នេះបើតាម ការចេញដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ តារាសម្ដែង និងជាតារាចម្រៀងអេហ្ស៊ីបដ៏ល្បីឈ្មោះ លោក Mohamed Ramadan បានបង្ហោះវីដេអូខ្លីមួយនៅលើគណនី Twitter និង Instagram របស់លោកដោយបង្ហាញពីសកម្មភាពចូលអង្គុយក្នុងកាប៊ីនរបស់ពីឡុត។ បន្ថែមពីនេះលើនេះនៅក្នុងវីដេអូនោះ លោក Ramadan ក៏បានព្រលយពាក្យមួយគ្នាដូច្នេះថា «នេះគឺជាលើកដំបូងសម្រាប់ខ្ញុំ ហើយខ្ញុំនឹងបញ្ជាយន្ដហោះនេះ»។

ប៉ុន្តែក្រោយការបង្ហោះវីដេអូ ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបបានចេញសេចក្ដីថ្លែងការណ៍ អមជាមួយការសម្រេចចិត្តហាមពីឡុតម្នាក់ បើកយន្ដហោះអស់មួយជីវិត។ សេចក្ដីថ្លែងការណ៍ដដែលនេះបានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីទទួលស្គាល់ថា វាគឺជាទង្វើរំលោភបំពានលើ ច្បាប់អាកាសចរណ៍ស៊ីវិលអេហ្ស៊ីប យើងបានចាត់វិធានការចំពោះសកម្មភាពធ្វេសប្រហែស និងគ្មានទំនួលខុសត្រូវបែបនេះ តាមរយៈការហាមពីឡុតរូបនោះបើកយន្ដហោះអស់មួយជីវិត»

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប នាយប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ស្មាតអេវីអេសិន (Smart Aviation) ដែលទទួលបន្ទុកលើជើងហោះហើរខាងលើ បានលាលែងចេញពីតំណែងហើយ រីឯសហពីឡុតម្នាក់ទៀត ក៏ត្រូវបានហាមបើកយន្ដហោះមួយឆ្នាំផងដែរ៕