(ប៉េកាំង)៖ រូបភាពថ្មីៗទៀតពីប្រព័ន្ធផ្កាយរណប បានបង្ហាញឲ្យឃើញថា ប្រទេសចិនកំពុងតែញាប់ដៃញាប់ជើង ក្នុងការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មីមួយគ្រឿងទៀត ដែលមានឈ្មោះសម្គាល់ថា Type 002 នៅលើទីលានសាងសង់នាវាដ៏ធំធេងមួយ នៅលើកោះឆាងស៊ីល (Changxing) នៃទីក្រុងសៀងហៃ ស្ថិតនៅតាមជ្រោយទន្លេយ៉ាងសេ (Yangtze)។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

រូបភាពពីផ្កាយរណបទាំងនោះ ត្រូវបានថតកាលពីកំឡុងខែកញ្ញា និងទើបត្រូវបានបញ្ចេញនាពេលថ្មីៗនេះ ខណៈដែលប្រទេសក្នុងតំបន់មួយចំនួន កំពុងតែព្រួយបារម្ភអំពីការររីកចំរើន ដ៏ខ្លាំងលឿនបំផុតរបស់កងទ័ពចិន ជាពិសេសបន្ទាប់ពីធ្វើព្យុហយាត្រាយោធា នៅក្នុងខួបបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែតុលា នេះតែម្តង។ រូបភាពបានបង្ហាញអំពីសកម្មភាព នៃត្រៀមរៀបចំរោងជាងធំៗ និងគ្រឿងចក្រច្រើនប្រភេទ ដើម្បីដំណើរការសាងសង់នាវាដឹកយន្តហោះចម្បាំងទី ៣។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងខាងលើនេះ គឺត្រូវបានក្រុមហ៊ុនផលិតនាវាជាំងណាន (Jiangnan Shipbuilding) ជាអ្នកសាងសង់ក្រោមជំនួយរបស់ក្រុមហ៊ុនផលិតនាវារដ្ឋចិន CSSC ។ ដោយឡែកក្រុមហ៊ុនមួយទៀត ដែលមានមូលដ្ឋាននៅសៀងហៃឈ្មោះ ហ៊ូទុងចុងហ័រ (Hudong Zhonghua) ក៏ទើបតែបញ្ចប់គំរោងសាងសង់នាវាដឹកឧទ្ធម្ភាគចក្រចម្បាំងឈ្មោះ Type 075 ទម្ងន់ ៤០,០០០តោនផងដែរ ដើម្បីប្រគល់ជូនកងទ័ពប្រជាជនចិន (PLA)៕