(ម៉ិចស៊ីកូ)៖ ការវាយប្រយុទ្ធគ្នាដ៏សាហាវមួយ បានផ្ទុះឡើងក្នុងទីក្រុង Culiacán ស្ថិតនៅភាគខាងជើង ប្រទេសម៉ិចស៊ីកូ បន្ទាប់ពីកងកម្លាំងសន្តិសុខម៉ិចស៊ីកូ ព្យាយាមចាប់ខ្លួនកូនប្រុសរបស់ស្ដេចគ្រឿងញៀន ម៉ិចស៊ីកូ Joaquín Guzmán ឬមានរហ័ស្សនាមថា El Chapo។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

ការវាយប្រយុទ្ធគ្នា បានអូសបន្លាយពេលជាច្រើនម៉ោង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយ Ovidio Guzmán López ជាកូនប្រុសស្ដេចគ្រឿងញៀនម៉ិចស៊ីកូ El Chapo (ដែលកំពុងជាប់ពន្ធនាគារអស់ មួយជីវិតនៅសហរដ្ឋអាមេរិក) ត្រូវបានគេប្រទះឃើញនៅក្នុងផ្ទះមួយ កំឡុងប្រតិបត្តិការល្បាតនៅទីក្រុង Culiacán។ ប៉ូលិសបានចាប់ខ្លួន Ovidio ទៅហើយ ប៉ុន្តែជនប្រដាប់អាវុធធន់ធ្ងន់មួយក្រុមបានបាញ់ប្រហារ យ៉ាងសាហាវលើប៉ូលិស ដើម្បីរំដោះ Ovidio ជាហេតុបង្ខំឱ្យប៉ូលិសដោះលែងកូនប្រុសស្ដេចគ្រឿងញៀន នេះទៅវិញ ដើម្បីការពារជីវិត។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ការវាយប្រយុទ្ធគ្នាខាងលើបានផ្ដាច់ជីវិតមនុស្ស២នាក់ និង២១នាក់ផ្សេងទៀតរងរបួស។ រីឯ ប្រធានាធិបតីម៉ិចស៊ីកូ លោក Andrés Manuel López Obrador បានឱ្យដឹងថា លោកនឹងបើកកិច្ចប្រជុំសន្តិសុខមួយ ខណៈសន្តិសុខនៅក្នុងទីក្រុង Culiacán ត្រូវបានរឹតបន្តឹង៕