(បាងកក)៖ ប្រធានគណបក្សឆ្ពោះទៅរកអនាគត (Future Forward) នៅប្រទេសថៃគឺលោក ថាណាថន ចាងរុងរួងឃីត (Thanathorn Juangroongruangkit) នាថ្ងៃសុក្រនេះបានចូលបង្ហាញខ្លួនក្នុងតុលាការហើយ ជុំវិញការចោទប្រកាន់ថា លោកបានល្មើសច្បាប់បោះឆ្នោត ដោយសារតែមានភាគហ៊ុនក្នុងស្ថាប័នសារព័ត៌មានមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

លោក Thanathorn Juangroongruangkit អាយុ ៤០ឆ្នាំបានក្លាយខ្លួនជាអ្នកនយោបាយ ដ៏លេចធ្លោមួយរូបនៅប្រទេសថៃ ដោយសារតែគោលជំហររបស់លោក ប្រឆាំងនឹងរបបដឹកនាំយោធាថៃបែបបើកចំហ និងដោយសារតែចក្ខុវិស័យដែលលោក មានសម្រាប់អនាគតនៃប្រទេសថៃ។ ក្នុងការបោះឆ្នោតកាលពីខែមីនាកន្លងទៅ គណបក្ស Future Forward របស់លោកគឺជាបក្សនយោបាយដែល ទទួលបានសំឡេងគាំទ្រច្រើនជាងគេទីបី។

យ៉ាងណាមិញ លោក Thanathorn ត្រូវបានផ្អាកតួនាទីពីសភា បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានចោទប្រកាន់លោកថា បានល្មើសច្បាប់នៃការបោះឆ្នោត ដោយសារលោកមានកាន់កាប់ភាគហ៊ុន ក្នុងស្ថាប័នព័ត៌មានមួយ។ បទចោទប្រកាន់នេះ បានឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ហើយត្រូវហាមឃាត់មិនឲ្យប្រឡូកចូលឆាកនយោបាយថែមទៀត។

គួរជម្រាបថា ក្នុងឱកាសនៃការចូលបង្ហាញខ្លួន នៅចំពោះមុខតុលាការធម្មនុញ្ញថៃនាថ្ងៃសុក្រនេះ លោក Thanathorn ជាថ្មីម្តងទៀតនៅតែអះអាងថា លោកពុំបានប្រព្រឹត្តខុសអ្វីឡើយ ខណៈស្ថាប័នសារព័ត៌មានមួយនោះ បានផ្អាកប្រតិបត្តិការតាំងតែពី ០៥ខែមុនការបោះឆ្នោតម្ល៉េះ។ បើតាមការយល់ឃើញនៃក្រុមអ្នកគាំទ្រលោក សំណុំរឿងនេះត្រូវបានគេបំផុសបំផុលឡើង ដើម្បីកម្ចាត់រូបលោកពីឆាកនយោបាយ ខណៈដែលលោកគឺជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមយុវជន៕