(អាមេរិក)៖ បណ្តាញផ្កាយរណបយក្ស សម្រាប់ផ្តល់សេវាអ៊ីនធើណែតហៅថា Starlink របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ប្រហែលជាអាចកើនឡើងចំនួនលើសពីការគ្រោងទុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

បច្ចុប្បន្នក្រុមហ៊ុន SpaceX ទទួលបានការអនុញ្ញាតពីអាជ្ញាធរអាមេរិក ដើម្បីបង្កើតបណ្តាញ Starlink ដែលមានផ្កាយរណបចំនួន ១២,០០០គ្រឿងនៅក្នុងទីអវកាស ប៉ុន្តែ SpaceX ទើបតែបានព្យាយាមស្នើសុំ​ដើម្បីពង្រីកបន្ថែមឲ្យដល់ ៣០,០០០គ្រឿង។ សព្វថ្ងៃនេះមានផ្កាយរណបតែប្រមាណជា ២,០០០គ្រឿងប៉ុណ្ណោះ ដែលកំពុងតែធ្វើប្រតិបត្តិការនៅជុំវិញភពរបស់យើង ខណៈគម្រោងដាក់ផ្កាយរណប បន្ថែមយ៉ាងច្រើនសម្បើមបែបនេះរបស់ SpaceX មិនដឹងថា នឹងអាចសម្រេចដល់ទីបញ្ចប់តាមការំពឹងទុកដែរ ឬក៏អត់នោះទេ។

គួរជម្រាបថា យ៉ាងណាមិញគម្រោងបណ្តាញ Starlink បានចាប់ផ្តើមការផ្គុំជាបណ្តើរៗហើយ ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន SpaceX បានបញ្ជូនផ្កាយរណប ៦០គ្រឿងដំបូងឡើងទៅកាន់ទីអវកាស ហើយរាប់សិបគ្រឿងទៀតអាចនឹងត្រូវបញ្ជូន បន្តនៅមុនដំណាច់ឆ្នាំនេះតែម្តង។ ក្រៅពី SpaceX ក្រុមហ៊ុនមួយចំនួនទៀត ក៏មានមហិច្ឆតាបង្កើតបណ្តាញផ្កាយរណបយក្សស្រដៀងគ្នានេះដែរដូចជា Amazon និង OneWeb ជាដើម៕