(ភ្នំពេញ)៖ ថវិកាសរុបប្រមាណ៩,០៦៨ដុល្លារអាមេរិក កើតចេញពីទឹកចិត្តសប្បុរសត្រូវបានបរិច្ចាគជួយព្យបាលជំងឺរបស់លោក សំរិទ្ធ ឯកសុវណ្ណ និពន្ធរងទូរទស្សន៍ CNC និងជាអ្នកថតវីដេអូមួយរូប ដែលបានឈរជើងជាប្រចាំនៅប្រាសាទព្រះវិហារអំឡុងពេលផ្ទុះអាវុធរវាងកម្ពុជា និងប្រទេសថៃកាលពីឆ្នាំ២០០៨។

ថវិកាទាំងនេះទទួលបានពីការឧបត្ថម្ភរបស់លោក ឌី វិជ្ជា និងភរិយាចំនួន ១ពាន់ដុល្លារ, ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន CBS ៤,៦៤៨ដុល្លារ និងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកាសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ៣,៤២០ដុល្លារអាមេរិក។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកកាយវិការនៃការបរិច្ចាគថវិកាជួយព្យាបាលជំងឺលោក សំរិទ្ធ ឯកសវុណ្ណ ដែលកំពុងជួបការខ្វះខាតខ្លាំងនេះ ជាគុណតម្លៃប្រៀបបានឱសថទិព្វជួយលើកទឹកចិត្ត និងកម្លាំងចិត្តដ៏ធំធេងដល់លោក សំរិទ្ធ ឯកសុវណ្ណ និងក្រុមគ្រួសារក្នុងការជម្នះតស៊ូតតាំងជាមួយជំងឺមេរោគក្នុងឈាម ដែលកំពុងយាយីរូបកាយ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់តាមរយៈលិខិតថ្លែងអំណរគុណនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «យើងយកចិត្តទុកដាក់ដោយគុណធម៌ មិនទុកចោលមិត្ត និងសហការីរបស់យើងណាម្នាក់ឱ្យឯការគ្មានភាពកក់ក្តៅនោះទេ»។

ជួសមុខឱ្យលោក ឯកសុវណ្ណ និងក្រុមគ្រួសារ, លោក ហ៊ុយ វណ្ណៈ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក។

សូមបញ្ជាក់ថា លោក សំរិទ្ធ ឯកសុវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ក្រុមគ្រួសាររបស់លោក សំរិទ្ធ ឯកសុវណ្ណ កំពុងជួបការខ្វះខាតខ្លាំងសម្រាប់ថ្លៃព្យាបាលជំងឺ និងអំពាវនាវសុំការជួយពីសប្បុរសជន និងមិត្តអ្នកព័ត៌មាន។

ភរិយារបស់លោក សំរិទ្ធ ឯកសុវណ្ណ បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា លោក ឯកសុវណ្ណ មានមេរោគនៅក្នុងគ្រាប់ឈាម ធ្វើឱ្យគ្រាប់ឈាមក្រហមធ្លាក់ចុះខ្លាំង។ ភរិយារបស់លោកបន្តរៀបរាប់ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតាមដាន និងព្យាបាលជំងឺ។

បច្ចុប្បន្នលោក ឯកសុវណ្ណ ជាបង្អែកដ៏ធំក្នុងគ្រួសារ ខណៈភរិយាមិនមានការងារធ្វើ ហើយកូននៅតូចៗនៅឡើយ។ ការធ្លាក់ខ្លួនឈឺរបស់លោក ឯកសុវណ្ណ ជាការគំរាមកំហែងមួយដល់ជីវភាព ហើយធ្វើឱ្យលោកប្រឈមការលំបាកទាំងការស្វែងរកថវិកាព្យាបាលជំងឺ និងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

បើតាមភរិយារបស់លោក សំរិទ្ធ ឯកសុវណ្ណ បានឱ្យដឹងថា បច្ចុប្បន្ននេះកំពុងជួបការខ្វះខាតខ្លាំងក្នុងការព្យាបាល ព្រោះត្រូវចំណាយថវិកាជាច្រើន។ លោក ឯកសុវណ្ណ និងភរិយា បានអំពាវនាវដល់សប្បុរសជន និងមិត្តអ្នកព័ត៌មានជួយបរិច្ចាគថវិកាជួយសង្គ្រោះជីវិតពីជំងឺ។

សូមបញ្ជាក់ថា លោក សំរិទ្ធ ឯកសុវណ្ណ បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយមានជំនាញជាអ្នកថតវីដេអូ ។ តាមរយៈអាជីពនេះ លោកបានរួមចំណែកជាច្រើនក្នុងការផ្តល់ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងការវិវឌ្ឍន៍របស់សង្គមជាតិ។ អាជីពនេះ ក៏បានផ្តល់ឱកាសឱ្យលោកធ្វើសកម្មភាពផ្សេងៗជាច្រើនរួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

ជាពិសេសនៅក្នុងពេលកម្ពុជា និងថៃ ប៉ះទង្គិចគ្នានាឆ្នាំ២០០៨ នៅតំបន់ប្រាសាទព្រះវិហារ លោក សំរិទ្ធ ឯកសុវណ្ណ គឺជាអ្នកព័ត៌មានមួយរូបដែលបានចុះទៅថតយករូបភាពជាប្រចាំនៅតំបន់នោះ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រាបពីការវិវឌ្ឍន៍នៃស្ថានការណ៍នាពេលនោះ៕