(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញចិនបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែដករាល់ចំណាត់ការដំឡើងពន្ធបន្ថែម ដែលបានដាក់មកលើទំនិញចិនចេញទៅវិញទាំងអស់ ដើម្បីឲ្យប្រទេសទាំងពីរ អាចឈានដល់កិច្ចព្រមព្រៀងពេញលេញចុងក្រោយមួយបាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

លោក កៅ ហ្វេង (Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំហរ និងគោលដៅរបស់ចិននៅក្នុង កិច្ចចរចាពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន គឺមិនដែលផ្លាស់ប្តូរឡើយ។ កម្មវត្ថុចម្បងរបស់ភាគីទាំងពីរនៅក្នុងកិច្ចចរចា គឺដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ហើយលុបចោលរាល់ការដំឡើងពន្ធបន្ថែមលើទំនិញភាគីនីមួយៗ ដោយវានឹងជារឿងល្អទាំងសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងក៏ដូចជាពិភពលោកទាំងមូល។

ជំនួបចរចាជុំចុងក្រោយគេស្តីពីបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុននៅវ៉ាស៊ីនតោន ដោយខាងអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្អាកគម្រោងដំឡើងពន្ធលើទំនិញចិន ដែលតាមពិតត្រូវអនុវត្តកាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ ក្រោយការចរចា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិបញ្ញា បញ្ហារូបិយប័ណ្ណ និងបញ្ហាសេវាហិរញ្ញវត្ថុជាដើម ហើយចិនក៏បានយល់ព្រមទិញផលិតផលកសិកម្មអាមេរិកឡើងវិញ ក្នុងទំហំចាប់ពី ៤០-៥០ពាន់លានដុល្លារអាមេរិកផងដែរ។

គួរជម្រាបថា យ៉ាងណាមិញ លោក Gao បានត្រឹមប្រាប់ថា ក្រុមហ៊ុនចិននឹងបង្កើនការទិញផលិតផលកសិកម្មអាមេរិក ដោយយោងទៅលើតម្រូវការ និងគោលការណ៍នៃទីផ្សារចិន ដោយលោកមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។ ម៉្យាងវិញទៀត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះ ក៏មិនបានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ដែលអាមេរិកអះអាងនោះ នឹងត្រូវបានចុះហត្ថលេខានាពេលណា ឬក៏មេដឹកនាំនៃប្រទេសទាំងពីរ បានគ្រោងជួបមុខគ្នាម្តងទៀតដែរឬក៏អត់ ប៉ុន្តែលោក Gao បាននិយាយថា ភាគីទាំងពីរកំពុងបន្តរក្សាការទាក់ទងគ្នាជាប់ជានិច្ច៕