(តូក្យូ)៖ គម្រោងរៀបចំព្យុហយាត្រាសម្រាប់ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន ទំនងជានឹងត្រូវពន្យារពេលសិន ព្រោះតែស្ថានភាពប្រទេសនាខណៈនេះ ដែលបណ្តាលមកពីការវាយប្រហាររបស់ព្យុះទីហ្វុងកំណាចកាលពីសប្តាហ៍មុន។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសាព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនប្រហែលនឹងកែប្រែគម្រោង ដើម្បីរៀបចំពិធីព្យុហយាត្រាអបអរការ​ឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ Naruhito ដែលបានប្រព្រឹត្តទៅកាលពីប៉ុន្មានខែមុន ពីព្រោះបច្ចុប្បន្នអាទិភាពចម្បងគឺ​ការដោះស្រាយផលវិបាកផ្សេងៗ ដែលបន្សល់ទុកដោយព្យុះទីហ្វុង Hagibis ជាមុនសិន។

គួរជម្រាបថា អតីតព្រះចៅអធិរាជជប៉ុន Akihito ដែលមានព្រះជន្ម៨៥ព្រះវស្សា បានដាក់រាជ្យជាផ្លូវការកាលពីចុងខែមេសាកន្លង​ទៅ ហើយព្រះបុត្រារបស់លោកទ្រង់ គឺព្រះចៅអធិរាជបច្ចុប្បន្ន Naruhito ដែលមានព្រះជន្ម៥៩ព្រះវស្សា បានឡើងស្នងរាជ្យបន្ត ភ្លាមៗតែម្តង នៅដើមខែឧសភា។

ពីធីធំមួយត្រូវបានគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែតុលានេះ ដើម្បីជាការអបអរដល់ការគ្រងរាជ្យរបស់ទ្រង់ ប៉ុន្តែកាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន ព្យុះទីហ្វុង Hagibis ដ៏អាក្រក់ បានវាយប្រហារលើប្រទេសជប៉ុន។ វាបានផ្តាច់ជីវិតមនុស្សយ៉ាងតិច៧៧នាក់ បង្កឲ្យរបួស៣៤៦នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន រីឯលំនៅឋានប្រហែលជា១០,០០០ខ្នង ក៏បានរងការបំផ្លិចបំផ្លាញផងដែរ រួមជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕