(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់សារជាថ្មីឡើងវិញថា ទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតចំពោះវិធានការទាំងឡាយណា ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក ពាក់ព័ន្ធនឹងបាតុកម្មនៅក្នុងទីក្រុងហុងកុង ហើយចិនអំពាវនាវឱ្យសមាជិកសភាអាមេរិក បញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូមសម្ដែងនូវការមិនពេញចិត្តជាខ្លាំង និងជំហរជំទាស់យ៉ាងដាច់ខាតចំពោះ សភាតំណាងរាស្ត្រអាមេរិក ជុំវិញការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទីក្រុងហុងកុង... ហើយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនអាចនឹងត្រូវបានបំផ្លាញ បើសិនជាសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តមែននោះ»។

គួរជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទីក្រុងហុងកុង គឺជាវិធានការមួយត្រូវបានអនុម័តឡើង ដោយសភាតំណាងរាស្ត្រអាមេរិក ដែលតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើការបញ្ជាក់ជារៀងរាល់ឆ្នាំថា ទីក្រុងហុងកុងនៅតែប្រកាន់ភ្ជាប់ស្វ័យភាពរបស់ខ្លួន ដើម្បីទទួលបានលក្ខខន្តិកៈពិសេស ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ។

បន្ថែមពីលើនេះ សភាតំណាងរាស្ត្រអាមេរិក ក៏បានអនុម័តផងដែរនូវសេចក្ដីព្រាងច្បាប់ ការពារទីក្រុងហុងកុង ដែលគោលដៅហាមឃាត់ការធ្វើលក់អាវុធ ឬបរិក្ខាយោធា ដែលអាចនឹងត្រូវបានប្រើប្រាស់ប៉ូលិសហុងកុង ប្រឆាំងនឹងក្រុមបាតុករ។ ប៉ុន្តែព្រឹទ្ធសភាអាមេរិកមិនទាន់កំណត់ពីពេលវេលា ដើម្បីបោះឆ្នោតសម្រេចលើ សេចក្ដីព្រោងច្បាប់នេះនៅឡើយទេ ហើយវានៅត្រូវបញ្ជូនបន្តឱ្យលោក ដូណាល់ ត្រាំ សម្រេចចិត្តចុងក្រោយថា ត្រូវចុះហត្ថលេខា ឬក៏ត្រូវជំទាស់ ខណៈរដ្ឋបាលរបស់លោក កំពុងចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិននៅឡើយ៕