(ម៉ូស្គូ)៖ រុស្ស៊ីបានសន្យាថានឹងមិនអនុញ្ញាតឱ្យតួកគី និងកងទ័ពរដ្ឋាភិបាលស៊ីរីប៉ះទង្គិចគ្នានោះទេ ខណៈយោធាតួកគី នៅតែបន្តវាយសម្រុកចូលកាន់តែជ្រៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរី។ នេះបើតាម បេសកជនពិសេសរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។

បេសកជនពិសេសរុស្ស៊ីទទួលបន្ទុកកិច្ចការស៊ីរី លោក Alexander Lavrentyev ធ្វើការអះអាងបែប នេះ នាឱកាសបំពេញទស្សនកិច្ចអមដំណើរលោក ពូទីន ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Lavrentyev បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រតិបត្តិការយោធារបស់ តួកគីនៅស៊ីរី គឺជារឿងមិនអាចទទួលយកបាន...ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេស ទាំងពីរប៉ះទង្គិចគ្នានោះទេ»។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏ធំនៃរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់សាដ ហើយ បើតាមក្រសួងការពារជាតិរុស្ស៊ី យោធារបស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសស៊ីរីចាប់តាំងពី ឆ្នាំ២០១៥ កំពុងធ្វើការទំនាក់ទំនងជាមួយយោធាតួកគី និងស៊ីរី ដើម្បីបញ្ជៀសរាល់ជម្លោះប្រដាប់ អាវុធរវាងប្រទេសទាំងពីរ៕