(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) បានកើនឡើងដល់៧២នាក់ហើយ ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួន នៅតែបន្តធ្វើឡើងនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំង ខេត្តចំនួន ៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។ ដោយឡែក ក្រៅពីចំនួនមនុស្សស្លាប់ ក៏មានមនុស្ស រាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន ខណៈប្រមាណជាង ២០០នាក់ទៀតបានរងរបួស។ Hagibis ជាព្យុះទីហ្វុង ដ៏កំណាចបំផុតមួយ ដែលព្យុះសាហាវបែបនេះមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះឡើយ។

គួរជម្រាបថា ព្យុះទីហ្វុង Hagibis បានធ្វើដំណើរចេញផុតពីប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ក៏ប៉ុន្តែវាបានបន្សល់ ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយក្នុងនោះផ្ទះប្រជាជនច្រើនជាង ១០,០០០ខ្នង រងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ក្បែរខាងទីក្រុងតូក្យូតែម្តង៕