(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រសួងចំនួនពីរ និងមន្ត្រីជាន់ខ្ពស់តួកគីចំនួន ៣រូប ដើម្បីបង្ខំឱ្យទីក្រុងអង់ការ៉ា បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ នៅឯតំបន់ភាគខាងជើង នៃប្រទេសស៊ីរី។

២៖ តុលាការនៅក្នុងទីក្រុងហុងកុងបានចេញបង្គាប់មួយ ដោយហាមឃាត់រាល់សកម្មភាពទាំងឡាយណា ដែលរាំងខ្ទប់ ឬក៏បំផ្លាញដល់តំបន់ត្រូវបានប្រើប្រាស់ ជាកន្លែងស្នាក់នៅរបស់មន្ត្រីប៉ូលិស និងមន្ត្រីសណ្ដាប់ធ្នាប់ដទៃៗទៀត ដែលកំពុងស្ថិតនៅក្រោយគោលដៅវាយប្រហារ ពីសំណាក់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

៣៖ ក្រសួងការពារជាតិតួកគី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធឃើដ YPG ៥៩៥នាក់ហើយ ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងអង់ការ៉ា បើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ ភាគខាងជើងប្រទេសស៊ីរី។

៤៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខទទូចឲ្យតួកគី បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ដែលកំពុងតែបន្តប្រព្រឹត្តទៅ នៅភាគខាងជើងប្រទេសស៊ីរី ខណៈអន្តរជាតិកំពុងផ្តោតសំខាន់បំផុតលើរឿងនេះ។

៥៖ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីលទ្ធផលវិជ្ជមានសម្រាប់វិស័យកសិកម្មអាមេរិក ក្រោយការព្រមព្រៀងគ្នាដំណាក់កាលដំបូងជាមួយចិន ក្រុមកសិករអាមេរិកចង់បានព័ត៌មានលម្អិតបន្ថែមទៀត ដើម្បីឲ្យច្បាស់ក្នុងចិត្តថា វាពិតជារឿងល្អប្រាកដមែន។

៦៖ មន្រ្តីប៉ូលិសយ៉ាងតិចចំនួន១៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានការឆ្មក់វាយប្រហារពីខ្មាន់កាំភ្លើងមួយក្រុម នៅក្រុង Aguililla ក្នុងរដ្ឋ Michoacan ភាគកណ្តាលប្រទេសម៉ិចស៊ីកូ៕