(គូឡាឡាំពួ)៖ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងតែសិក្សាអំពីលទ្ធភាព នៃការធ្វើវិសោធនកម្មច្បាប់ទាក់ទិននឹងការប៉ុនប៉ងធ្វើអត្តឃាត ខណៈករណីនេះបានកើនឡើងគួរឲ្យកត់សម្គាល់នៅទូទាំងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

គោលដៅនៃការចង់ធ្វើវិសោធនកម្មច្បាប់ខាងលើ គឺកុំឲ្យករណីប៉ុនប៉ងធ្វើអត្តឃាតជាទង្វើខុសច្បាប់តទៅទៀត។ ម៉ាឡេស៊ីមានក្តីសង្ឃឹមថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ខ្លួននឹងមានច្បាប់ដែលលែងចាត់ទុក ការប៉ុនប៉ងធ្វើអត្តឃាតជាទង្វើខុសច្បាប់តទៅទៀត ប៉ុន្តែជំនួសមកវិញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលអាចជួយដល់បុគ្គលពាក់ព័ន្ធក្នុងករណីបែបនេះវិញ។

បើតាមរដ្ឋាភិបាលម៉ាឡេស៊ី ដោយសារតែច្បាប់បច្ចុប្បន្ន ត្រូវបានបង្កើតឡើងតាំងពីសម័យមុនទទួលបានឯករាជ្យទៅទៀតនោះ កិច្ចខិតខំប្រឹងប្រែងនេះអាចត្រូវចំណាយពេលយូរបន្តិច ហើយតម្រូវឲ្យមានការសិក្សាយ៉ាងលម្អិត និងការប្រឹក្សាយោបល់ពីភាគីពាក់ព័ន្ធមួយចំនួន។

គួរជម្រាបថា ទន្ទឹមគ្នានេះម៉ាឡេស៊ីក៏កំពុងតែសិក្សា ក៏ដូចជាប្រៀបធៀបជាមួយប្រទេសដទៃទៀត ដែលមានច្បាប់ស្រដៀងគ្នា ដូចជាចក្រភពអង់គ្លេស អូស្រ្តាលី ប៉ាគីស្ថាន និងឥណ្ឌា ជាដើមផងដែរ ដើម្បីពិចារណាលើវិធីសាស្រ្ត ក៏ដូចជាដំណោះស្រាយរបស់ប្រទេសទាំងនោះ៕