(បាងកក)៖ សហភាពអឺរ៉ុប (EU) ចង់ចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសថៃស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីវាត្រូវបានផ្អាកក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ប្រទេសថៃបានរៀបចំការបោះឆ្នោតសកលជាថ្មី កាលពីខែមីនាកន្លងទៅ ហើយរដ្ឋាភិបាលស៊ីវិលក៏បានលេចរូបរាងឡើងជាផ្លូវ ការ និងជាការបិទបញ្ចប់របបដឹកនាំយោធា ដែលមានរយៈពេល៥ឆ្នាំ។ តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រុម ប្រឹក្សា EU បានលើកឡើងថា ឥឡូវគឺជាពេលសមរម្យសម្រាប់ឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមបោះជំហានឆ្ពោះទៅរកការពង្រីក ការ ធ្វើប្រាស្រ័យទាក់ទងជាមួយថៃ រួមមានការត្រៀមរៀបចំចុះកិច្ចព្រមព្រៀងនៃភាពជាដៃគូ និងសហប្រតិបត្តិការ (PCA) ដើម្បីរឹតបន្តឹងចំណង នៃវិស័យ សេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការបន្តឡើងវិញនៃដំណើរការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ។

គួរជម្រាបថា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលថៃ កាលពីឆ្នាំ២០១៤ សហភាពអឺរ៉ុប បានសម្រេច ដាក់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ឲ្យស្ថិតក្រោមការវាយតម្លៃ ហើយផ្អាកការចុះកិច្ចព្រមព្រៀង PCA ព្រមទាំងការចរចាកិច្ចព្រមព្រៀង FTA ជាបណ្តោះអាសន្ន។

បើតាមទិន្នន័យរបស់គណៈកម្មការអឺរ៉ុប ការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងថៃ មានទំហំ៤២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេលំដាប់ទី៣របស់ប្រទេសថៃ ដោយមួយឆ្នាំៗថៃបានលក់ទំនិញនិងសេវា កម្ម គិតជាតម្លៃរាប់សិបពាន់លានដុល្លារទៅឲ្យ EU ដែលភាគច្រើនគឺគ្រឿងយន្ត និងបរិក្ខាដឹកជញ្ជូន៕