(ម៉ិចស៊ីកូស៊ីធី)៖ មន្រ្តីប៉ូលិសយ៉ាងតិចចំនួន១៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានការឆ្មក់វាយប្រហារពីខ្មាន់កាំភ្លើងមួយក្រុម នៅក្រុង Aguililla ក្នុងរដ្ឋ Michoacan ភាគកណ្តាលប្រទេសម៉ិចស៊ីកូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ករណីខាងលើបានកកើតឡើង នៅពេលដែលកម្លាំងប៉ូលិសម៉ិចស៊ីកូ កំពុងធ្វើដំណើរក្នុងរថយន្តល្បាតយ៉ាងហោចចំនួនពីរគ្រឿង លើដងផ្លូវហាយវ៉េមួយ ក្នុងក្រុង Aguililla ហើយក៏ស្រាប់តែបានរងការឆ្មក់វាយប្រហារពីក្រុមខ្មាន់កាន់ភ្លើង ដែលបានពួនសំងំចាំ​នៅសងខាងផ្លូវ។ ពួកគេបានបាញ់រះទៅលើក្បួនរថយន្តរបស់ប៉ូលិស ហើយរថយន្តទាំងពីរគ្រឿងក៏បានផ្ទុះឆេះ។ ក្រៅពីអ្នកស្លាប់ ប៉ូលិស៤នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។

គួរជម្រាបថា ក្រសួងសន្តិសុខរបស់ម៉ិចស៊ីកូ បានចេញមុខថ្កោលទោសទង្វើដ៏អាក្រក់នេះ និងកំពុងតែសហការជួយដល់អាជ្ញាធររដ្ឋ Michoacan ក្នុងការតាមរុក​រកក្រុមជនដៃដល់។ ក្រុង Aguililla ស្ថិតក្នុងតំបន់ Tierra Caliente នៃរដ្ឋ Michoacan ជាតំបន់​​ដែលសម្បូរទៅដោយវត្តមានក្រុមរត់ពន្ធគ្រឿងញៀន៕