(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង១៨នាក់ រងរបួសនៅក្នុងហេតុការណ៍បាក់រលំផ្នែកខ្លះ នៃសណ្ឋាគារ Hard Rock ដែលកំពុងស្ថិតនៅក្រោមការសាងសង់ នៅឯទីក្រុង New Orleans នៃរដ្ឋ Louisiana។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ហើយបើតាមអាជ្ញាធរ ជាន់ទី៦ ដល់ទី៨ នៃសណ្ឋាគារ Hard Rock បានបាក់រលំ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតណាមួយពីមូលហេតុដែលបង្កឱ្យមានការបាក់រលំនេះនៅឡើយទេ ដោយគ្រាន់តែមានការជូនដំណឹងថា ផ្នែកមួយ ចំនួនទៀតនៃអគារអាចនឹងបន្តបាក់រលំ។

គួរបញ្ជាក់ថា កម្មករយ៉ាងហោចណាស់១០០នាក់ ត្រូវបានគេជឿជាក់ស្ថិតនៅការដ្ឋានសាងសង់ នៅពេលដែលមានការបាក់រលំផ្នែកខ្លះនៃអគារសណ្ឋាគារ Hard Rock ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស៣នាក់ ដែលកំពុងបាត់ខ្លួន៕