(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃសុក្រតែម្តងថា ខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម ដែលតែងតែបង្កការគំរាមកំហែងដល់សន្តិសុខជាតិតួកគី ហើយតួកគីនឹងបន្តការតស៊ូប្រយុទ្ធ ទៅមុខដោយមានការប្តេជ្ញាចិត្តខ្ពស់។ គ្មាននរណាម្នាក់ត្រូវមានមន្ទិល ចំពោះអ្វីដែលតួកគីកំពុងធ្វើឡើយ ហើយក្នុងករណីមានការរារាំងណាមួយ នោះយើងនឹងតបតទៅវិញយ៉ាងពេញថ្លៃ។ នេះបើតាមសារព័ត៌មាន Spunik ដកស្រង់សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលតួកគី នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

ប្រតិបត្តិការវាយសម្រុកទៅលើមូលដ្ឋានសំខាន់ៗ របស់ក្រុមឃើដនៅភាគខាងជើងស៊ីរី បានផ្តាច់ជីវិតក្រុមឃើដប្រមាណ ៣៣៩នាក់គិតត្រឹមយប់ថ្ងៃសុក្រ ហើយតួកគីកំពុងតែបន្តវាយប្រហារតាមជើងគោក និងផ្លូវឱកាស ដើម្បីជីកឬសគល់ក្រុមដែលខ្លួនចាត់ទុកថា ជាពួកភេរវករនេះឲ្យអស់តែម្តង។ តួកគីបានប្រកាសជាច្រើនដងមកហើយថា កងទ័ពឃើដ-ស៊ីរី SDF និងគណបក្សប្រជាជនឃើដ PKK ឬ YPG គឺសុទ្ធតែជាអង្គការភេរវកម្ម។

គួរបញ្ជាក់ជាការឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានលើកឡើងថា ប្រតិបត្តិសន្តិភាពនិទាឃរដូវ (Operation Peace Spring) ដែលតួកគីកំពុងធ្វើនៅភាគខាងជើងស៊ីរី គឺពិតជាស្របច្បាប់អន្តរជាតិតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានចែងយ៉ាងច្បាស់ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕