(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានទទួលរងការស្ដីបន្ទោស នៅថ្ងៃសុក្រនេះ ដោយសារតែការអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរ «ការរចនារបស់យន្ដហោះ Boeing 737 MAX» ដែលមានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្ដហោះចំនួនពីរករណី ផ្ដាច់ជីវិតមនុស្ស ៣៤៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

យោងតាមក្រុមការងារចំរុះលើការត្រួតពិនិត្យបច្ចេកវិទ្យា (Joint Authorities Technical Review ឬ JATR) ការផ្លាស់ប្ដូរ ឬការរចនាឡើងវិញនៃយន្ដហោះ Boeing 737 MAX គឺជាមធ្យោបាយខុសឆ្គងមួយ ពីព្រោះវាមិនអាចបំពេញសុវត្ថិភាពពេញលេញ និងមិនអាចដោះស្រាយបញ្ហាដំណើរខុសប្រក្រតី នៃប្រព័ន្ធដែលបណ្ដាលឱ្យយន្ដហោះប្រភេទនេះធ្លាក់បានឡើយ។

លើសពីនេះទៅទៀត នៅក្នុងរបាយការណ៍កម្រាស់ ៦៩ទំព័ររបស់ JATR ក្រុមហ៊ុន Boeing ថែមទាំងបានដាក់សម្ពាធលើអាជ្ញាធរអាកាសចរណ៍អាមេរិក FAA ដើម្បីទទួលបានការអនុញ្ញាតក្នុងការកែលម្អ និងរចនា 737 MAX ឡើងវិញថែមទៀតផង។

គួរបញ្ជាក់ថា Boeing 737 MAX បានធ្លាក់ដល់ទៅពីរលើក គឺក្នុងប្រទេសអេត្យូពី កាលពីខែមីនាកន្លងទៅដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ និងនៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ បានសម្លាប់ជីវិតមនុស្ស ១៨៩នាក់។ សោកនាដកម្មទាំងពីរលើកនេះ បានធ្វើឱ្យក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing ធ្លាក់ក្នុងវិបត្តិ ខណៈ 737 MAX នៅតែត្រូវបឈ្ឈរជើងនៅឡើយ៕