BREAKING NEWS: កប៉ាល់ដឹកប្រេងអ៊ីរ៉ង់រងការវាយប្រហារដោយមីស៊ីលពីរគ្រាប់ នាំឲ្យផ្ទុះឆេះ និងធ្លាយប្រេងចូលក្នុងសមុទ្រ! (Video inside)

11-10-2019 15:44

(តេហេរ៉ង់)៖ កប៉ាល់ដឹងប្រេងអ៊ីរ៉ង់មួយគ្រឿងបានផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់សមុទ្រក្រហមក្បែរឆ្នេរនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះតែម្តង ខណៈទីក្រុងតេហេរ៉ង់ចាត់ទុកគ្រោះថ្នាក់នេះថា គឺជាការវាយប្រហារដោយអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

កប៉ាល់ដឹកប្រេងខាងលើត្រូវបានទូរទស្សន៍រដ្ឋអ៊ីរ៉ង់បញ្ជាក់ថា មានឈ្មោះស៊ីណូប៉ា (Sinopa) និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NOIC) ដែលមុខនេះបន្តិចបានអះអាងថា កប៉ាល់របស់ខ្លួនរងការវាយប្រហារ ដោយគ្រាប់មីស៊ីលស៊ីលចំនួនពីរគ្រាប់។ កប៉ាល់ដឹកប្រេង Sinopa បានរងការវាយប្រហារនៅចំងាយ ៩៧គីឡូម៉ែត្រពីទីក្រុងកំពង់ផែ ហ្សេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីតដោយបង្កឱ្យឃ្លាំងស្កុក (storage tanks) ធំៗចំនួនពីរខូចខាតយ៉ាងដំណំ និងមានការលេចធ្លាយប្រេងចូលសមុទ្រផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បានអះអាងថា ពុំមានក្រុមនាវិករបស់ខ្លួនណាម្នាក់រងរបួសឡើយ ប៉ុន្តែហេតុការណ៍នេះកើតមានឡើង នៅចំពេលដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកំពុងមានភាពតានតឹងនឹងគ្នានៅឡើយ បន្ទាប់ពីយន្ដហោះ ១៨គ្រឿង និងមីស៊ីល ០៧គ្រាប់វាយប្រហារលើរោងចក្រប្រេងអ៉ារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាកន្លងទៅ។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ រួមទាំង ការវាយប្រហារលើកប៉ាល់ដឹកប្រេងពីរគ្រឿង នៅតំបន់ឈូងសមុទ្រ កាលពីខែមិថុនា និងខែកក្កដា ក៏ដូចជាកប៉ាល់ដឹកប្រេងបួនគ្រឿងផ្សេងទៀតកាលពីខែឧសភា។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលរាល់ ការចោទប្រកាន់៕