(ប៉េកាំង)៖ ឧទ្ធម្ភាគចក្រដ៏ចម្លែកមួយរបស់ចិន ដែលមើលទៅដូចជាថាសហោះ (UFO) និងអ្នកខ្លះថា ដូចជាចានដាក់ទឹកជ្រលក់ ត្រូវបានតាំងបង្ហាញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងពិព័រណ៍យន្ដហោះ និងឧទ្ធម្ភាគចក្រមួយនៅឯទីក្រុងធានជិន (Tianjin)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។

ឧទ្ធម្ភាគចក្រដ៏ចម្លែកខាងលើមានឈ្មោះថា «Super Great White Shark (SGWS)» ឬត្រីឆ្លាមសដ៏កំណាច កំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។ ប៉ុន្តែ SGWS មិនបាន បង្ហាញពីសមត្ថភាពហោះហើរនោះទេ ដោយគ្រាន់តែគេដាក់វាឱ្យនៅស្ងៀមនៅលើដី ត្បិតឧទ្ធម្ភាគចក្រនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការរចនា និងត្រូវបានគេរំពឹងថា មានបំពាក់បច្ចេកវិទ្យារួមផ្សំរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Super Great White Shark (SGWS) អាចបញ្ជាដោយពីឡុតពីរនាក់ ហើយវាក៏មានសមត្ថភាពបំពាក់មីស៊ីលផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា នៅពេលណាទើបវាត្រូវយកទៅធ្វើការហោះហើរ សាកល្បងជាលើកដំបូងនោះឡើយ៕