(ហ្សាការតា)៖ នាថ្ងៃព្រហស្បតិ៍នេះ លោក Wiranto រដ្ឋមន្រ្តីសន្តិសុខជាតិឥណ្ឌូណេស៊ី ត្រូវបានគេធ្វើសកម្មភាពវាយប្រហារដោយ​កាំបិត កំឡុងពេលលោកចុះទស្សនកិច្ចក្នុងក្រុងមួយនៅកោះជ្វា ដោយលោកបានរងរបួសពីរកាំបិត ប៉ុន្តែពុំរងគ្រោះថ្នាក់ដល់អាយុ​ជីវិតនោះទេ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯជនសង្ស័យវិញ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី កំណត់អត្តសញ្ញាណ​ឃើញថា ជាសមាជិកនៃក្រុមភេរវករនៅឥណ្ឌូណេស៊ី ដែលគាំទ្រពួក ISIS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ពីដំបូងឡើយមានការអះអាងថា លោកមិនត្រូវបានជនសង្ស័យចាក់ចំទេ ប៉ុន្តែបើតាមអ្នកនាំពាក្យមន្ទីរពេទ្យក្នុងតំបន់កើតហេតុ ​លោក Wiranto បានបានរបួសពីរកាំបិតចំពោះ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់ជីវិតទេ ដោយក្រោយមកលោក ត្រូវបានគេបញ្ជូនបន្ត​តាមឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យនៅរដ្ឋធានីហ្សាការតា។ រីឯមនុស្ស០៣នាក់ទៀត គឺប៉ូលិសម្នាក់ និងជំនួយការលោកពីរនាក់ ក៏បានរងរបួសផងដែរ ពេលព្យាយាមបញ្ឈប់សកម្មភាពក្រុមជនសង្ស័យ ប៉ុន្តែមិនធ្ងន់ធ្ងរដូចគ្នា។

គួរជម្រាបថា យោងតាមការបញ្ជាក់របស់ប៉ូលិសឥណ្ឌូណេស៊ី ជនសង្ស័យប្រុស-ស្រីមួយគូ ដែលត្រូវបានឃាត់ខ្លួន គឺជាបណ្តាញ​ក្រុមភេរវករនៅឥណ្ឌូណេស៊ីហៅថា Jamaah Ansharut Daulah ឬ JAD។ នៅមានក្រុមជ្រុលនិយមជាច្រើនទៀតនៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែលសុទ្ធតែបានបង្ហាញការគាំទ្រដល់ក្រុមភេរវករ ISIS។

ក្រោយចុះទៅពិនិត្យស្ថានភាពលោក Wiranto ដោយផ្ទាល់ នៅមន្ទីរពេទ្យយោធាក្នុងទីក្រុងហ្សាការតា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រាប់ក្រុមអ្នកកាសែតថា សន្តិសុខត្រូវតែធ្វើការរឹតបន្តឹងបន្ថែម ហើយបណ្តាញភេរវករ នៅពីក្រោយការ​វាយប្រហារនេះ ត្រូវតែកម្ទេចចោលឲ្យបាន។ លោក Widodo ក៏បានបញ្ជាក់ដែរថា លោកបានបង្គាប់ឲ្យស្ថាប័នពាក់ព័ន្ធបើកការ​ស៊ើបអង្កេតស៊ីជម្រៅមួយលើករណីនេះ៕