(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានគំនិតសុទិដ្ឋិនិយម ដោយលោកទើបតែបានអះអាងជាថ្មីថា សហរដ្ឋអាមេរិក និងប្រទេសចិនមានឱកាសល្អ ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរអស់រយៈពេលជាង ១៥ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីអាមេរិករូបនេះ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា « បសិនជាយើងអាចចុះកិច្ចព្រមព្រៀងបាន នោះយើងនឹងធ្វើភ្លាម... វាពិតនៅមានឱកាសល្អហើយបើតាមគំនិតរបស់ខ្ញុំ ចិនចង់បានកិច្ចព្រមព្រៀងនេះជាងខ្ញុំទៅទៀត»

ប៉ុន្តែទោះជាយ៉ាងនេះក្ដី បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញក្ដីសង្ឃឹមតិចតួចណាស់ ពីភាពរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងក្រុមមន្ត្រីអាមេរិក និងចិននៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ចាត់វិធានការរឹតត្បិតការផ្ដល់ទិដ្ឋាការ ដល់ក្រុមមន្ត្រីចិនមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនចោទថា មានជាប់ពាក់ព័ន្ធនឹងការំលោភបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរលើជនជាតិភាគតិចនៅក្នុងតំបន់ស៊ីនជំាង ព្រមទាំងការដាក់ក្រុមហ៊ុនចិនជាង ២០ ទៀតចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនោះ៕