(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបាននិយាយថា លោកកំពុងតែតាមដានស្ថានការណ៍នៅតំបន់កំពុងវិវាទ នោះគឺកាស្មៀរ ហើយលោកនឹងបន្តគាំទ្រទីក្រុងអ៊ីស្លាម៉ាបាដជុំវិញបញ្ហានានា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

ក្នុងអំឡុងកិច្ចជួបពិភាក្សាមួយនៅទីក្រុងប៉េកាំង លោក ស៊ី បានប្រាប់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ថា ភាពត្រូវ និងខុសនៃស្ថានការណ៍នៅតំបន់កាស្មៀរគឺច្បាស់ណាស់ ប៉ុន្តែលោកបានជំរុញថា ភាគីទាំងសងខាងគួររកផ្លូវដោះស្រាយជម្លោះ តាមរយៈការចរចាគ្នាដោយសន្តិភាព។

គួរជម្រាបថា ភាពតានតឹងនៅតំបន់ជម្លោះកាស្មៀរក្នុងឆ្នាំនេះ បានកើនឡើងខ្លាំងថែមទៀត កាលពីខែសីហាកន្លងទៅ នៅពេលឥណ្ឌាបានសម្រេចដកស័្វយភាព នៃចំណែកកាស្មៀរដែលខ្លួនកាន់កាប់។ ទង្វើនេះបានទទួលរងការរិះគន់ធ្ងន់ៗពីប៉ាគីស្ថាន ដែលជាគូបដិបក្ខ ហើយចិនដែលឈរនៅខាងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានលើកយកបញ្ហានោះទៅជជែកដល់ក្រុមប្រឹក្សាសន្តិសុខរបស់ អង្គការសហប្រជាជាតិផងដែរ។

ដោយឡែកនាថ្ងៃទី១១-១២ ខែតុលានេះ លោកប្រធានាធិបតីចិន នឹងត្រូវធ្វើដំណើរទៅចូលរួមជំនួបកំពូលក្រៅផ្លូវការជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិដ្រាន ម៉ូឌី (Narendra Modi) នៅទីក្រុងជិនណៃ (Chennai) របស់ឥណ្ឌា។ កាលពីឆ្នាំមុនជំនួបកំពូលរបៀបនេះលើកដំបូង ត្រូវបានរៀបចំឡើងនៅទីក្រុង វូហាន (Wuhan) នៃប្រទេសចិន៕