(បាងកក)៖ គណៈកម្មាការយុត្តិធម៌ថៃនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្កើតក្រុមការងារស៊ើបអង្កេតមួយ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៅពីក្រោយការប៉ុនប៉ងបាញ់សម្លាប់ខ្លួនឯងរបស់ចៅក្រមថៃម្នាក់ ដែលកំពុងធ្វើឱ្យរញ្ជួយប្រព័ន្ធយុត្តិធម៌ថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបាងកកប៉ុស្ដិ៍នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាការយុត្តិធម៌ថៃក៏បានបញ្ជាក់ដែរថា ក្រុមការងារស៊ើបអង្កេត ត្រូវតែប្រគល់របាយការណ៍ស៊ើបអង្កេតក្នុងរយៈពេល ១៥ថ្ងៃ។ ចៅក្រមឈ្មោះ កាណាកន ភានចាណា (Kanakorn Pianchana) បានបង្កភាពភ្ញាក់ ផ្អើលជាខ្លាំង តាមរយៈការដកកាំភ្លើងបាញ់ខ្លួនឯង នៅក្នុងតុលាការកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយពីបានរិះគន់ប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌នៃប្រទេសថៃ ព្រមទាំងរងសម្ពាធពីមន្រ្តីជាន់ខ្ពស់។

នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោកចៅក្រម Kanakorn Pianchana បានលើកឡើងដូច្នេះថា «អ្នកត្រូវការភស្តុតាងដែលជាក់ស្តែង ហើយអាចទុកចិត្តបានដើម្បីដាក់ទោសនរណាម្នាក់។ ប្រសិនបើអ្នកមិនប្រាកដទេនោះ គឺកុំដាក់ទោសលើគេឲ្យសោះ។ ខ្ញុំមិនមែនចង់បានន័យថា ជនជាប់ចោទទាំង ០៥នាក់ មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺពួកគេប្រហែលជាបានប្រព្រឹត្តខុសមែន ប៉ុន្តែនីតិវិធីនៃប្រព័ន្ធយុត្តិធម៌ថៃត្រូវតែមានតម្លាភាព និងអាចទុកចិត្តបាន ខណៈការកាត់ទោសមនុស្សដោយភ័ន្តច្រឡំ គឺមិនគួរកើតឡើងឡើយ»

គួរជម្រាបថា ក្រោយនិយាយចប់ចៅក្រមរូបនោះ បានសូត្រពាក្យសម្បថនៅចំពោះមុខ ព្រះឆាយល័ក្ខណ៍អតីតស្តេចថៃ រួចទាញកាំភ្លើងផ្ទាល់ខ្លួនមកបាញ់មួយគ្រាប់ចំដើមទ្រូង។ យ៉ាងណាមិញ វាមិនបានបណ្តាលឲ្យលោកបាត់បង់ជីវិតឡើយ ហើយលោកត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ដោយពុំមានការគំរាមកំហែងដល់អាយុជីវិតទេ។

ទាក់ទងទង្វើគួរឲ្យភ្ញាក់ផ្អើលនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ មុនពេលបើកសវនាការខាងលើ មានការបង្ហោះសារលើបណ្តាញសង្គម Facebook ថា លោក Kanakorn ហាក់បានរងសម្ពាធពីមន្រ្តីជាន់ខ្ពស់ ឲ្យកាត់ទោសលើបុរសជនជាតិម៉ូស្លីមទាំង ០៥នាក់ ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារលើមនុស្ស ០៥នាក់ទៀតនៅក្នុងស្រុក បានណាង សាតា (Bannang Sata) នៃខេត្តយ៉ាឡា (Yala) កាលពីខែមិថុនា ឆ្នាំ២០១៨ ទាំងមិនមានភស្តុតាងគ្រប់គ្រាន់៕