(តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ ហាជីប៊ីស (Hagibis) ត្រូវបានគេព្យាករណ៍ថា កំពុងសំដៅឆ្ពោះមករកកោះធំរបស់ប្រទេសជប៉ុនគឺកោះ ហុនហ្ស៊ុ (Honshu) ហើយវាអាចនឹងបោកបក់កាត់ចំតំបន់ តាន់តូ (Kanto) នៅចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Japan Times នៅរសៀលថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

គិតត្រឹមរសៀលថ្ងៃពុធនេះ ព្យុះទីហ្វុង Hagibis កំពុងស្ថិតក្បែរទីប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ហើយយោងតាមការព្យាករណ៍ វាកំពុងបន្តឆ្ពោះមករកកោះ Honshu ហើយអាចបោកបក់ត្រូវចំតំបន់ Kanto នៃកោះ Honshu នៅយប់ថ្ងៃសៅរ៍ ឬមួយក៏រំលងអធ្រាត្រថ្ងៃអាទិត្យ។ យ៉ាងណាមិញគន្លងផ្លូវពិតប្រាកដរបស់ព្យុះទីហ្វុងនេះ នៅមិនទាន់អាចកំណត់ច្បាស់ឡើយ ប៉ុន្តែដោយសារវាមានទំហំធំធេងពេក តំបន់ដែលមិនរងការប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏អាចនៅរងឥទ្ធិពលខ្លាំងដែរ។

គួរជម្រាបថា បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារឧតុនិយមជប៉ុនផ្ទាល់ ព្យុះទីហ្វុងខាងលើអាចមានកម្លាំងខ្យល់បក់អតិបរមាខ្ទង់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែបើតាមសហរដ្ឋអាមេរិកវិញ កម្លាំងខ្យល់នៃព្យុះទីហ្វុង Hagabis គឺអាចដល់ ២៥៩គីឡូម៉ែត្រក្នុងម៉ោង ពោល Hagabis គឺស្មើនឹងព្យុះហឺរីខិនកម្រិតទី ៥ ដែលជាកម្រិតខ្ពស់ជាងគេឯណោះ។

នៅចុងសប្តាហ៍នេះ ទោះព្យុះទីហ្វុង Hagibis នឹងបោកបក់ចំ ឬមិនចំប្រទេសជប៉ុនក៏ដោយ វានៅតែអាចមានលទ្ធភាពជះឥទ្ធិពល ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរ ហើយប៉ះពាល់ដល់ព្រឹត្តិការណ៍ផ្សេងៗ រួមទាំងព្រឹត្តិការណ៍ពានពិភពលោកនៃកីឡាបាល់ឱប (Rugby World Cup)។ មួយវិញទៀត កាលពីខែសីហាកន្លងទៅនេះ ព្យុះទីហ្វុងឈ្មោះ ហ្វាសៃ (Faxai) ទើបតែបានវាយប្រហារចំលើតំបន់ Kanto របស់ជប៉ុនហើយប៉ុណ្ណោះ៕