(ហ្សឺណែវ)៖ ប្រទេសសិង្ហបុរីបានវ៉ាដាច់សហរដ្ឋអាមេរិក ឡើងទៅឈរលេខរៀងទី ១ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

WEF បានឱ្យដឹងទៀតថា ការវាយតម្លៃខាងលើធ្វើឡើង តាមរយៈការដាក់ពិន្ទុពី ០ ដល់ ១០០ ដោយផ្អែកលើហេដ្ឋរចនាសម្ព័ន្ធ សុខាភិបាល ទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ គុណភាពស្ថាប័នរដ្ឋ និងការបើកចំហសេដ្ឋកិច្ច។ លើសពីនេះទៅទៀត នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារសប្ដាប៍នេះ WEF ក៏បានបញ្ជាក់ដែរថា ប្រទេសសិង្ហបុរីបានឡើងទៅឈរលេខរៀងទី ១ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុត នៅលើពិភពលោកដោយមាន ៨៤.៨ពិន្ទុ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលបានធ្លាក់ពីលេខរៀងទី ១ ជាមួយពិន្ទុ ៨៥.៦ពិន្ទុ កាលពីឆ្នាំ២០១៨ មកនៅត្រឹម ៨៣.៧ពិន្ទុវិញនៅឆ្នាំ២០១៩ ហើយលទ្ធផលនេះត្រូវបានគេមើលឃើញថា ដោយសារតែឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ នោះតែម្តង។

គួរបញ្ជាក់ថា ក្រៅតែពីសិង្ហបុរី និងសហរដ្ឋអាមេរិក ទីក្រុងហុងកុងបានឡើងទៅឈរលេខរៀងទី ៣ ក្នុងនាមជាតំបន់ដែលមានសេដ្ឋកិច្ចប្រកួតប្រជែង ខ្លាំងជាងគេបំផុតនៅលើពិភពលោកមាន ៨៣.១ពិន្ទុ រីឯលេខ ៤បានទៅលើហូឡង់មាន ៨២.៤ពិន្ទុ, ស្វីស ៨២.៣ពិន្ទុ, ជប៉ុន ៨២.៣ពិន្ទុ, អាល្លឺម៉ង់ ៨១.៨ពិន្ទុ, ស៊ុយអែត ៨១.២ពិន្ទុ, ចក្រភពអង់គ្លេស ៨១.២ពិន្ទុ និងដាណឺម៉ាក ៨១.២ពិន្ទុ៕