(ប៉ារីស)៖ គ្រោះអគ្គីភ័យដ៏ធំបានកើតឡើង នៅឃ្លាំងស្តុកទំនិញមួយកន្លែង ដែលស្ថិតនៅភាគខាងកើតប្រទេសបារាំង ខណៈផ្សែងខ្មៅបានរសាត់អណ្តែត ពាសពេញផ្ទៃមេឃតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងនៅសង្កាត់ វីលលឿប៊ែន (Villeurbanne) នៃទីក្រុងលីយ៉ុង (Lyon) របស់បារាំងនាវេលាព្រឹកថ្ងៃអង្គារនេះ។ មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ថា តើមានមនុស្សរងគ្រោះដែរ ឬយ៉ាងណាឡើយ ដោយសារគ្រោះអគ្គីភ័យនេះ។ ចំណែកមូលហេតុនៃគ្រោះអគ្គីភ័យ ក៏ពុំទាន់ត្រូវបានដឹងច្បាស់ដូចគ្នាដែរ។

គួរជម្រាបថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជិត ១០០នាក់ និងរថយន្តពន្លត់អគ្គីភ័យប្រមាណ ៣៥គ្រឿង ត្រូវបានចល័តឲ្យទៅពន្លត់អគ្គីភ័យដ៏ធំមួយនេះ ដោយឥឡូវភ្លើងបានរលត់ទាំងស្រុងជាស្ថាពរហើយ៕