(ន័រវែស)៖ រដ្ឋាភិបាលប្រទេសន័រវែសបានសម្រេចមិនចូលរួម ក្នុងការបង្កើតបណ្តាញខែលការពារមីស៊ីលរបស់អង្គការ NATO ព្រោះតែបារម្ភខ្លាចកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នា​រសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

យោងតាមកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំក្រោយរបស់ន័រវែស រដ្ឋាភិបាលន័រវែសបានសម្រេចថា ខ្លួនមិនពិចារណាទិញប្រព័ន្ធស៊ែន​សឺ (Sensor) ឬមីស៊ីលសម្រាប់បាញ់ស្ទាក់ ដែលអាចក្លាយជាផ្នែកនៃបណ្តាញខែលការពារមីស៊ីលរបស់ NATO ឡើយ។ តែស្រប​ពេលជាមួយគ្នា ន័រវែសនឹងបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួន ឲ្យឡើងដល់កៀកនឹងគោលដៅកំណត់របស់ NATO។

គួរជម្រាបថា អំឡុងពេលមួយទសវត្សរ៍កន្លងទៅនេះ គម្រោងរបស់អង្គការ NATO ក្នុងការប្រើប្រាស់ប្រព័ន្ធការពារមីស៊ីលរបស់​សហរដ្ឋ​អាមេរិក ដើម្បីជាខែលការពារនៅតំបន់អឺរ៉ុប គឺជាបញ្ហាដ៏ចម្រួងចម្រាស់មួយរវាងរុស្ស៊ីនិងអង្គការនេះ។ ខណៈ NATO បានបន្តអះអាងជាដដែលៗថា បណ្តាញខែលការពារមីស៊ីលនេះ មិនមានគោលដៅលើរុស្ស៊ី ប៉ុន្តែលើមីស៊ីលដែលផ្លោងមកពី​ក្រៅ​តំបន់អឺរ៉ុបនោះ ទីក្រុងម៉ូស្គូមិនយល់យ៉ាងដូច្នោះឡើយ។ បើតាមរុស្ស៊ី បណ្តាញខែលការពារមីស៊ីលនេះ អាចធ្វើឲ្យ​រង្គោះរង្គើតុល្យ​ភាព​រវាង​ប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយបង្កឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរសាជាថ្មី។

ចំណុចគួរឲ្យដឹងផងដែរនោះ គឺទោះពីដំបូងឡើយន័រវែសបានប្រឆាំងនឹងគំនិតបង្កើតបណ្តាញខែលការពារមីស៊ីលនេះក៏ដោយ តែចាប់តាំងពីឆ្នាំ២០១០មក ក៏បានកែប្រែគំនិតហើយគាំទ្រផែនការនេះវិញ ខណៈ​​អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ដែលធ្លាប់ជានាយករដ្ឋមន្រ្តីន័រវែស ធ្លាប់ប្រឆាំងនឹងគម្រោងនេះទៅវិញ៕

Advertising