(ញូដេលី)៖ ស្ត្រីម្នាក់ដែលទើបរៀបការថ្មីថ្មោង និងសមាជិកគ្រួសារ៣នាក់របស់នាង បានស្លាប់បាត់បង់ជីវិត ក្រោយធ្លាក់ចូលក្នុងទំនប់ទឹកមួយកន្លែងស្ថិតនៅឯរដ្ឋ Tamil Nadu នៃភាគខាងត្បូងប្រទេសឥណ្ឌា កំឡុងពេល ពួកគេព្យាយាមថតរូបសែលហ្វី (selfie)។ នេះបើតាមអាជ្ញាធរក្នុងតំបន់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

អាជ្ញាធរឥណ្ឌា នៃរដ្ឋ Tamil Nadu បានឱ្យដឹងទៀតថា មនុស្សទាំងបួននាក់ខាងលើ បានព្យាយាមថតរូបសែលហ្វី នៅលើទំនប់ទឹក Pambar ដោយមុនដំបូងឡើយក្នុងចំណោមពួកគេ ដែលមានគ្នាសរុបទាំងអស់៦នាក់ មានម្នាក់ រអិលជើងធ្លាក់ ហើយក៏ទាញគ្នាទៅវិញទៅមកធ្លាក់ចូលក្នុងទំនប់ទឹកនេះតែម្ដង។ ចំណែកឯ ស្វាមីរបស់ស្ត្រីខាងលើ បានជួយសង្រ្គោះប្អូនស្រីម្នាក់ដោយជោគជ័យ។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមួយដែលមានចំនួនអាត្រាអ្នកស្លាប់ដោយសារថតសែលហ្វី ច្រើនជាងគេមួយ នៅលើពិភពលោក។ ជាក់ស្ដែង បើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិក National Library of Medicine ឥណ្ឌាមានចំនួនអ្នកស្លាប់ដោយសារថតសែលហ្វីជាង ២៥៩នាក់ នៅចន្លោះពីឆ្នាំ២០១១ និង២០១៧ តាមពីក្រោយដោយរុស្ស៊ី សហរដ្ឋអាមេរិក និងប៉ាគីស្ថាន៕