(ញូយ៉ក)៖ អគ្គលេខាធិការរបស់អង្គសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានប្រាប់ថា ស្ថាប័នអន្តរជាតិកំពូលមួយនេះប្រហែលជានឹងអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ នៅចុងខែតុលានេះហើយ។ នេះបើតាមការដកស្រង់ការផ្សយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

យោងតាមសាររបស់លោក Guterres ផ្ញើទៅកាន់បុគ្គលិកទាំងអស់របស់អង្គការសហប្រជាជាតិ (UN) ដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបានលោក Guterres បាននិយាយថា ចំណាត់ការមួយចំនួន នឹងត្រូវធ្វើឡើងដើម្បីធានាដល់ការបើកប្រាក់ខែ សម្រាប់បុគ្គលិករាប់ពាន់នាក់របស់ UN។

បើតាមលោកប្រមុខអង្គការសហប្រជាជាតិមកទល់ពេលនេះ រដ្ឋជាសមាជិកបានផ្តល់ថវិកាត្រឹមតែ ៧០ភាគរយប៉ុណ្ណោះ នៃចំនួនសរុបត្រូវការសម្រាប់កញ្ចប់ថវិកា ដើម្បីធ្វើប្រតិបត្តិការទូតរបស់ UN ក្នុងឆ្នាំ២០១៩នេះ។ លោក Guterres បានបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញាកន្លងទៅ UN ខ្វះខាតថវិកាដល់ទៅប្រមាណ ២៣០លានដុល្លារ និងកំពុងតែប្រឈមនឹងការអស់ថវិកាទាំងស្រុងនាចុងខែនេះតែម្តង។

គួរបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយ លោក Antonio Guterres បានលើកឡើងនូវជម្រើសមួយចំនួន រួមមានការផ្អាកសន្និសីទ និងកិច្ចប្រជុំហើយកាត់បន្ថយសេវាកម្មផ្សេងៗ ព្រមទាំងរឹតត្បិតការធ្វើដំណើររបស់មន្រ្តី ដោយទុកត្រឹមតែសកម្មភាពចាំបាច់ៗប៉ុណ្ណោះ ក៏ដូចជាចាត់វិធានការសន្សំសំចៃថាមពល។
ដោយមិនរាប់បញ្ចូលការចំណាយលើប្រតិបត្តិការរក្សាសន្តិភាព កញ្ចប់ថវិកាប្រតិបត្តិការទូទៅរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៨-២០១៩ គឺជិត ៥.៤ពាន់លានដុល្លារ ដោយក្នុងនោះសហរដ្ឋអាមេរិកផ្តល់ចំណែកច្រើនជាងគឺ ២២ភាគរយ៕