(ញូដេលី)៖ ឥណ្ឌាកំពុងត្រៀមដាក់ពង្រាយប្រព័ន្ធកាំភ្លើងធំធុន M-777 ឈុតដំបូង ដែលទើបតែទិញពីអាមេរិក នៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

កាលពីខែកញ្ញាកន្លងទៅ អគ្គមេបញ្ជាការយោធាទ័ពជើងគោកឥណ្ឌាលោក ប៊ីភីន រ៉ាវ៉ាត់ (Bipin Rawat) ធ្លាប់បានបញ្ជាក់ថា ប្រព័ន្ធកាំភ្លើងធំខាងលើ នឹងត្រូវដាក់ពង្រាយជាមួយក្រុមឧទ្ធម្ភាគចក្រយោងទំនិញធ្ងន់ៗធុន ជីនូក (Chinook) នៅព្រំដែនភាគខាងកើតរបស់ប្រទេសឥណ្ឌា។ ប្រព័ន្ធកាំភ្លើងធំនេះ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាដើមនោះ នឹងជួយឥណ្ឌារក្សាការពារសន្តិសុខបណ្តោយព្រំដែនរបស់ខ្លួន ដែលជាប់ជាមួយចិន។

គុណសម្បត្តិពិសេសរបស់ប្រព័ន្ធកាំភ្លើងធំនេះ គឺទម្ងន់ស្រាលគួរសមរបស់វា ដែលអនុញ្ញាតឲ្យឧទ្ធម្ភាគចក្រសណ្តោងយកដាក់ តាមទីតាំងភូមិសាស្រ្តនៃតំបន់ភ្នំបានយ៉ាងងាយ និងឆាប់រហ័សថែមទៀត។ សម្រាប់រយៈចម្ងាយ ដែលបាញ់ទៅប្រកបដោយ ប្រសិទ្ធភាពរបស់កាំភ្លើងធំ M-777 គឺចន្លោះ ២៤-៤០គីឡូម៉ែត្រ ដោយអាស្រ័យលើប្រភេទគ្រាប់ ហើយពួកវាអាចបាញ់បាន ០៥គ្រាប់ក្នុងមួយនាទី សម្រាប់រយៈពេល ០២នាទីជាប់គ្នា។

គួរជម្រាបថា ឥណ្ឌាបានចាប់ផ្តើមការពិភាក្សាដើម្បីទិញកាំភ្លើង M777 ចំនួន ១៤៥គ្រឿងពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០ ហើយទីបំផុតក៏បានសម្រេចកិច្ចព្រមព្រៀង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្រោមកិច្ចសន្យារវាងប្រទេសទាំងពីរ កាំភ្លើងធំប្រភេទ M777 ចំនួន ២៥គ្រឿង អាមេរិកត្រូវប្រគល់ឲ្យយោធាឥណ្ឌាដោយផ្ទាល់ ខណៈ១២០គ្រឿងទៀត នឹងត្រូវដំឡើងនៅឥណ្ឌា។ សម្រាប់ឧទ្ធម្ភាគចក្រ Chinook ក៏ឥណ្ឌាបានទិញអាមេរិក គឺកាលពីឆ្នាំ២០១៥ ឥណ្ឌាបានបញ្ជាទិញឧទ្ធម្ភាគចក្រនេះ ១៥គ្រឿងក្នុងតម្លៃ ១.១៨ពាន់លានដុល្លារ និងទទួលបាន ០៦គ្រឿងហើយ៕

Advertising