(ដាម៉ាស់)៖ កងទ័ពរដ្ឋាភិបាលតួកគីបានចាប់ផ្តើមយុទ្ធនាការ កម្ទេចក្រុមសកម្មប្រយុទ្ធឃើដ-ស៊ីរី (SDF) នៅតំបន់ភាគខាងជើងប្រទេសស៊ីរីហើយ ក្រោយសហរដ្ឋអាមេរិកប្រកាសថា មិនគាំទ្រ និងមិនលូកដៃ។ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ការផ្សាយចេញពីទូរទស្សន៍រដ្ឋស៊ីរី នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

ទូរទស្សន៍ស៊ីរីបានចេញផ្សាយថា កងកម្លាំងតួកគីបានធ្វើការវាយប្រហារទៅលើតំបន់ តាល់តាវីល (Tal Tawil) ដែលកងកម្លាំងឃើដ-ស៊ីរី SDF កំពុងឈរជើងស្ថិតនៅភាគឦសាននៃខេត្ត ហាសាកាស (Hasakah) ប្រទេសស៊ីរី។ ប្រទេសស៊ីរីក៏បានចាត់ទុកផងដែរថា ការវាយប្រហារដោយតួកគីបែបនេះ គឺជាទង្វើដ៏គគ្លើនបំផុតមកលើបូរណភាពទឹកដីស៊ីរី។

ដោយឡែកតំបន់ផ្សេងៗទៀតដែលក្រុម SDF ឈរជើងដូចជា តាល់អាប់យ៉ាដ (Tal Abyad) នៅខេត្តរ៉ាកា (Raqqa) ក៏បានទទួលរងការវាយប្រហារដោយយន្តហោះចម្បាំងតួកគីផងដែរ។ ទោះបីជាបែបនេះក្តី មិនទាន់មានសេចក្តីរាយការណ៍ណាមួយឲ្យដឹងថា មានជនរងគ្រោះប៉ុន្មាននាក់ នៅក្រោយការវាយប្រហារទាំងនោះឡើយ៕