(ប៉ារីស)៖ ក្រោយផ្ទុះករណីចាក់សម្លាប់ប៉ូលិសចំនួន០៤នាក់ នៅឯទីក្រុងប៉ារីសកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner នាពេលនេះ បានបញ្ជាក់ថា ហានិភ័យនៃសកម្មភាពភេរវកម្មនៅប្រទេសបារាំង នៅបន្តមានកម្រិតខ្ពស់នៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

លោក Castaner បានទទួលស្គាល់ថា ករណីខាងលើអាចត្រូវទប់ស្កាត់បាន ប៉ុន្តែឱកាសបានរំលងផុតទៅ។ បើគិតចាប់ តាំងតែពីឆ្នាំ២០០៣មក យោងតាមលោក Castaner ប៉ូលិសបារាំងបានរារាំងគម្រោងវាយប្រហារភេរវកម្មសរុប៥៩ ដោយរួមទាំងការប៉ុនប៉ងវាយប្រហារចំនួន០៣លើក គិតចាប់ពីដើមឆ្នាំនេះ។ ឆ្លើយតបនឹងក្រុមប្រឆាំងដែលស្នើឲ្យលោក ចុះចេញពីតំណែង លោករដ្ឋមន្រ្តីមហាផ្ទៃបារាំងបានបញ្ជាក់ថា លោកនឹងមិនធ្វើតាមការទាមទារនេះឡើយ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បុគ្គលិកជំនាញផ្នែកប្រព័ន្ធកុំព្យូទ័រម្នាក់ នៃទីស្នាក់ការកណ្តាលរបស់ ប៉ូលិសបារាំង ដែលស្ថិតនៅកណ្តាលទីក្រុងប៉ារីស បានធ្វើសកម្មភាពចាក់មន្រ្តីប៉ូលិសបារាំងដល់ស្លាប់ចំនួន៤នាក់ និងឲ្យរបួសម្នាក់ មុន ពេល ជនរូបនេះត្រូវបានអាជ្ញាធរបារាំងបាញ់សម្លាប់។

រដ្ឋអាជ្ញាផ្នែកប្រយុទ្ធប្រឆាំងភេរវកម្មរបស់បារាំង លោក Jean-Francois Ricard បានប្រាប់ថាជនដៃដល់ដែលមាន អាយុ៤៥ឆ្នាំ និងឈ្មោះ Michael Harpon មានទស្សនៈអ៊ីស្លាមជ្រុលនិយម។ ប្រការនេះធ្វើឲ្យក្រុមរដ្ឋអាជ្ញាបារាំង បើកការស៊ើបអង្កេតករណីភេរវកម្មតែម្តង៕

Advertising