(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៧ ខែតុលាឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលទីក្រុងហុងកុងមិនទាន់មានវិធានការណាមួយ ដើម្បីបិទសេវាអ៊ីនធើណិតដូចការព្រួយបារម្ភមួយចំនួនបានលើកឡើង នោះឡើយ ខណៈស្ថានការណ៍នាពេលបច្ចុប្បន្ននេះ កំពុងតែកើនឡើងកម្តៅបន្ថែមទៀត ដោយសារតែការហាមបាតុករពាក់ម៉ាស់ ឬរបាំងមុខពេលធ្វើបាតុកម្ម។

២៖ កិច្ចដំណើរការសាងសង់មូលដ្ឋានអង្កេតផ្ទៃមេឃដ៏ធំមួយឈ្មោះ Extremely Large Telescope (ELT) របស់អង្គការ European Southern Observatory (ESO) បានចាប់ផ្តើមប្រព្រឹត្តទៅនៅតំបន់វាលខ្សាច់ អាតាខាម៉ា (Atacama) នៃប្រទេសឈីលី។

៣៖ នាវាល្បាតមួយគ្រឿងរបស់ជប៉ុន និងទូកនេសាទមួយគ្រឿងរបស់កូរ៉េខាងជើង បានបុកគ្នានៅក្នុងដែនសមុទ្រជប៉ុន ជិតតំបន់មួយដែលពេញនិយមបំផុតក្នុងការនេសាទ ប៉ុន្តែពុំមានការបញ្ជាក់អំពីមនុស្សបាត់បង់ជីវិត ឬក៏រងរបួសនៅក្នុងហេតុការណ៍នោះនៅឡើយទេ។

៤៖ មនុស្ស០៤នាក់បានស្លាប់ និង០៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះអាវុធនៅរង្គសាលមួយកន្លែង ស្ថិតនៅរដ្ឋកាន់សាស់ (Kansas) របស់សហរដ្ឋអាមេរិក។

៥៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា តួកគីនឹងធ្វើប្រតិបត្តិការយោធា ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ ហើយកងទ័ពអាមេរិកនឹងមិនគាំទ្រ ឬក៏លូកដៃចូលក្នុងប្រតិបត្តិការយោធានេះទេ។

៦៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវតែចាប់ផ្ដើមបើក កិច្ចសន្ទនាពិភាក្សាគ្នាពីបញ្ហាដាក់ពង្រាយមីស៊ីលរយៈចំងាយខ្លី និងមធ្យម ជាពិសេសនៅអឺរ៉ុប ដើម្បីបង្ការសង្រ្គាមនុយក្លេអ៊ែរ កុំឱ្យផ្ទុះឡើងនៅពេលអនាគត៕