(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា តួកគីនឹងធ្វើប្រតិបត្តិការយោធា ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ ហើយកងទ័ពអាមេរិកនឹងមិនគាំទ្រ ឬក៏លូកដៃចូលក្នុងប្រតិបត្តិការយោធានេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

សេចក្ដីថ្លែងការណ៍របស់សេតវិមាន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទស្ដីពីផែនការ «បង្កើតតំបន់សុវត្ថិភាពនៅឯតំបន់ភាគខាងកើត នៃទន្លេ អឺប្រាតស៍ (Euphrates) ក្នុងប្រទេសស៊ីរី»។ លោក Erdogan កាលពីសៅរ៍សប្ដាហ៍មុនក៏បានអះអាងផងដែរថា ទីក្រុងអង់ការ៉ានឹងធ្វើប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគឦសាន នៃប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះ ដោយសារតែសហរដ្ឋអាមេរិក មិនព្រមចូលក្នុងការបង្កើតតំបន់សុវត្ថិភាពរួមគ្នា។

ផែនការយោធារបស់តួកគីត្រូវបានគេមើលឃើញថា មិនត្រឹមតែមានបំណងបង្កើតតំបន់សុវត្ថិភាពឡើយ ពោលគោលបំណងធំនោះគឺបោសសំអាតក្រុមសកម្មប្រយុទ្ធឃើដស៊ីរី YPG ដែលទីក្រុងអង់ការ៉ាចោទថា ជាបណ្ដាញរបស់គណបក្សពលករឃើដ PKK ដែលបាននិងកំពុងធ្វើសកម្មភាពយោធា ប្រឆាំងនឹងរដ្ឋាភិបាលតួកគីបច្ចុប្បន្ន។ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថា ក្រុមសកម្មយុទ្ធឃើដ YPG មានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះ បានជួយទីក្រុងវ៉ាស៊ីនតោនកម្ចាត់ពួក ISIS នៅស៊ីរី។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិក នឹងមិនលូកដៃជួយក្រុមសកម្មប្រយុទ្ធ YPG ពីការវាយប្រហារពីសំណាក់យោធាតួកគីនោះទេ។ សេចក្ដីថ្លែងការណ៍ នេះដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «តួកគីនឹងធ្វើប្រតិបត្តិការយោធា សម្រុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ... ដូច្នេះកងកម្លាំង អាមេរិកទាំងអស់នឹងមិនគាំទ្រ ឬក៏លូកដៃពាក់ព័ន្ធនឹងក្នុងប្រតិបត្តិការយោធានេះទេ ហើយកងកម្លាំងអាមេរិកដែលបានកម្ចាត់ក្រុម ISIS រួចហើយ ក៏នឹងលែងស្ថិតក្នុងតំបន់នេះដែរ»

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលតួកគី ការបង្កើតតំបន់សុវត្ថិភាពមានគោលបំណងធំ ២ នោះគឺធានាការពារព្រំដែនតួកគី តាមរយៈការបោសសំអាតពួកភេរវករ និងចូលរួមចំណែកធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរី ប្រកបដោយសុវត្ថិភាព៕