(ប៉េកាំង)៖ ក្រោយការសម្ញែងអាវុធទំនើបៗ ក្នុងព្យុហយាត្រាយោធារបស់ទីក្រុងប៉េកាំង នាឱកាសនៃការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០១ ខែតុលាកន្លងទៅ ក្រុមអ្នកជំនាញយោធាជាច្រើនយល់ថា បច្ចុប្បន្នយោធាចិនអាចមានសមត្ថភាពពើងទ្រូង ប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ក្នុងករណីមានជម្លោះណាមួយផ្ទុះឡើងនៅឯកោះតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង។

* តើយោធាចិនពិតជាខ្លាំងដូចគេនិយាយមែនដែរ ឬទេ?

ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិក ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង ចិនបានបង្កើនបញ្ចប់ថវិកាយោធារបស់ខ្លួន ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm មានមូលដ្ឋានក្នុងប្រទេសស៊ុយអែតបានឱ្យដឹងថា ចិនបានចាយលុយលើវិស័យយោធា ១.៧ទ្រីលានយ័ន (២៤៦.៩២ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ ឬស្មើនឹង ១.៩ភាគរយនៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់ចិន ខណៈកញ្ចប់ថវិកាយោធាទីក្រុងវ៉ាស៊ីនតោនមានប្រមាណ ៦៤៩ពាន់លានដុល្លារ ឬស្មើនឹង ៣.២ភាគរយនៃ GDP របស់សហរដ្ឋអាមេរិក។

ដោយឡែកបើតាមលោក ភីធើ រ៉ូប៊ឺសុន (Peter Robertson) ជាសាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Western Australia កញ្ចប់ថវិកាយោធាចិន បច្ចុប្បន្នមានរហូតដល់ ៧៥ភាគរយឯណោះ នៃកញ្ចប់ថវិកាយោធាអាមេរិក។ ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមអ្នកជំនាញជាច្រើនយល់ថា ចិនមានសមត្ថភាពយោធាកាន់ខិតជិតសហរដ្ឋអាមេរិក នោះគឺក្រោយការធ្វើព្យុហយាត្រាយោធា នាឱកាសនៃការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០១ ខែតុលា កន្លងទៅ។ ពោលគឺ ៤០ភាគរយ នៃអាវុធដែលចិនបានបង្ហាញឱ្យពិភពលោកមើលឃើញ សុទ្ធតែជាអាវុធដែលគេមិនធា្លប់បានឃើញពីមុនមក ហើយអាវុធដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺមីស៊ីលអន្តរទ្វីប DF-41។

* ហេតុអ្វីបានជា DF-41 ត្រូវបានអ្នកជំនាញយោធាអន្តរជាតិចាត់ទុកថាអស្ចារ្យ?

ជាការពិត DF-41 គឺជាប្រភេទមីស៊ីលបាលីស្ទីគអន្តរទ្វីប (ផ្លោងឆ្លងទ្វីប) ដែលគេជឿជាក់ថា ជាមីស៊ីលដ៏មានឥទ្ធិពលមួយនៅលើពិភពលោក ដោយវាអាចបាញ់បានក្នុងចំងាយរហូតដល់ទៅ ១,៥០០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ DF-41 មានសមត្ថភាពបំពាក់ និងពាំក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១០គ្រាប់ លើតួមីស៊ីលតែមួយគ្រាប់ ដោយក្នុងក្បាលគ្រាប់នុយក្លេអ៊ែរនីមួយៗមានទម្ងន់ ១៥០គីឡូតោន ឬស្មើនឹង ១៥០,០០០តោននៃម្សៅ TNT ហើយដោយសារតែវាមានល្បឿន លឿនជាងសំឡេង ២៥ដងនោះ គ្រាប់មីស៊ីល DF-41 ក៏មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ក្នុងរយៈពេលពេលតែ ៣០នាទីផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង ៣២ឆ្នាំ ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងរវល់អនុវត្តន៍តាមសន្ធិសញ្ញានុយក្លេអ៊ែរ INF ចិនបានសម្ងំផលិត និងអភិវឌ្ឍន៍មីស៊ីលយ៉ាងខ្លាំងក្លា នៅក្នុងបរិបទដែលក្រុមមន្ត្រីយោធាអាមេរិកជាច្រើនវាយតម្លៃថា គូប្រជែង និងជាសត្រូវសក្ដានុពលរបស់សហរដ្ឋអាមេរិក មិនមែនរុស្ស៊ីទៀតទេ តែគឺជាប្រទេសចិនដែលជាមហាយក្សលេខ ១ នៅអាស៊ីមួយនេះតែម្តង។

ហេតុដូច្នេះហើយទើបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បញ្ចូលចិនក្នុងសន្ធិសញ្ញានេះដែរ តែចិនមិនព្រមរហូតដល់លោកប្រកាសដក សហរដ្ឋអាមេរិកចេញពី INF ជាផ្លូវការកាលពីខែសីហាកន្លងទៅ ប៉ុន្តែលេសធំដែលអាមេរិកប្រើដើម្បីដកខ្លួនចេញនេះ គឺការចោទរុស្ស៊ីថា មិនបានគោរពតាមសន្និសញ្ញា INF នោះទៅវិញ។ INF មានគោលដៅហាមឃាត់ការអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលបាញ់បានក្នុងរយៈចម្ងាយចន្លោះពី ៥០០ ទៅដល់ ៥,៥០០គីឡូម៉ែត្រ ហើយបើតាមក្រុមមន្ត្រីអាមេរិក គ្រាប់មីស៊ីលរបស់ចិនប្រមាណ ៩៥ភាគរយ បានរំលោភលើសន្ធិសញ្ញា INF បាត់ទៅហើយ បើសិនជាចិនជាប្រទេសហត្ថលេខីដែរនោះ។

លើសពីនេះទៅទៀត បើទោះជាអ្នកជំនាញមួយចំនួន យល់ថា យោធាចិនត្រូវការពេលជាច្រើនឆ្នាំទៀត ដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិក នៃសាកលវិទ្យាល័យស៊ីដនីក្នុងប្រទេសអូស្រ្តាលី ក៏ធ្លាប់បានព្រមានកាលពីថ្ងៃទី២០ ខែសីហា កន្លងទៅថ្មីៗនេះដែរថា បច្ចុប្បន្នយោធាអាមេរិកមិនមែនឥទ្ធិពលលេខមួយ គ្រប់ដណ្តប់លើទ្វីបអាស៊ីទៀតឡើយ ព្រោះពេលនេះគ្រាប់មីស៊ីលរបស់ចិន អាចបាញ់ពន្លិចមូលដ្ឋានយោធាអាមេរិក ក្នុងតំបន់អាស៊ីត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩)