(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានសម្តែងការជឿជាក់ខ្ពស់ថា ការដំណើរការនីតិវិធី​ចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឈានដល់ការទម្លាក់ចេញពីអំណាចនោះ នឹងទទួលបានជោគជ័យ​​ជាក់ជាមិនខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

ថ្លែងពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារវាងក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ លោកស្រី Pelosi បានក្រើនរំលឹកលោកប្រធានាធិបតីអាមេរិកថា រូបលោកគឺជាមហាសេដ្ឋីដែលធ្លាប់មានកាស៊ីណូ ដូច្នេះលោកគួរដឹងច្បាស់ហើយ​នូវសម្តីគេពោលថា «កាស៊ីណូគឺតែងតែឈ្នះអ្នកលេងជានិច្ច» ដែលជាភាសាអង់គ្លេសគឺ «The House always wins» ខណៈ​ពាក្យ House នេះ គឺដូចជាទៅនឹងឈ្មោះរបស់សភាតំណាងរាស្រ្តអាមេរិក House of Representatives ឬហៅខ្លីថា The House ដូចគ្នា​តែម្តង។ សរុបមកលោកស្រីចង់បានន័យថា សភាតំណាងរាស្រ្តអាមេរិក នឹងទទួលជ័យជម្នះលើលោក ត្រាំ។

គួរជម្រាបថា កាលពីចុងខែកញ្ញាកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានចាប់ផ្តើម​​នីតិវីធីចោទប្រកាន់ និងការស៊ើបអង្កេតជាផ្លូវការលើលោក ត្រាំ ក្រោមគោលដៅឈានដល់ការទម្លាក់ពីតំណែង ដោយយោងលើហេតុផលថា លោកបាន​រំលោភអំណាចរបស់ខ្លួន តាមរយៈការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឲ្យជួយកម្ចាត់ លោក Joe Biden អតីតអនុ​ប្រធានាធិបតីអាមេរិក ដែលជាបេក្ខជនឈរឈ្មោះមួយរូបរបស់បក្សប្រជាធិបតេយ្យ សម្រាប់ការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

ទាក់ទិនបញ្ហានេះ លោក Zelensky បានបដិសេធថា លោកមិនបានរងការបង្ខិតបង្ខំ ឬគំរាមកំហែងអ្វីពីលោក ដូណាល់ ត្រាំ ឡើយ ខណៈលោក ត្រាំ ផ្ទាល់បានហៅទង្វើរបស់សមាជិកសភាបក្សប្រជាធិបតេយ្យថា ប្រៀបដូចជារដ្ឋប្រហារ៕