(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បានឲ្យដឹងថា បុរសអាយុ ៧៩ឆ្នាំម្នាក់បានសម្លាប់ជីវិតមនុស្សរហូតដល់ទៅ ៥០នាក់ ជាហេតុធ្វើឲ្យជនរូបនេះក្លាយជាឃាតកដៃឆៅ សម្លាប់មនុស្សច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារ FBI បុរសខាងលើដែលមានឈ្មោះ សាមូអ៊ែល លីតថល (Samuel Little) បានឆ្លើយសារភាពទោសចំពោះអំពើឃាតកម្ម ៩៣ករណី ដែលភាគច្រើនលើស្រ្តីភេទ កាលពីចន្លោះឆ្នាំ១៩៧០ និងឆ្នាំ២០០៥។ ខណៈក្រុមអ្នកស៊ើបអង្កេតអាចផ្ទៀងផ្ទាត់ឃើញថា មានតែ ៥០ករណីប៉ុណ្ណោះ ដែលមានការពាក់ព័ន្ធជាមួយឃាតករូបនេះ ពួកគេជឿថា ការសារភាពទោសរបស់ជននេះអាចជាការពិត។

គួរជម្រាបថា លោក Samuel Little ដែលជាអតីតអ្នកប្រដាល់ហៅថា សាមូអ៊ែល ម៉ាកដូវែល (Samuel McDowell) ត្រូវបានចាប់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០១២ នៅទីជម្រករបស់ក្រុមអ្នកគ្មានផ្ទះសម្បែងមួយកន្លែងក្នុងរដ្ឋ ខេនថាក់គី (Kentucky) ហើយត្រូវបានធ្វើបត្យាប័នបន្តទៅរដ្ឋកាលីហ្វរញ៉ា ដើម្បីប្រឈមនឹងបទចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀន។

នៅពេលបញ្ជូនមកដល់កាលីហ្វរញ៉ា ភស្តុតាងតាមរយៈ DNA បានបង្ហាញថា លោកមានជាប់ទាក់ទឹងនឹងករណីឃាតកម្ម ដែលជាប់គាំងជាយូរណាស់មកហើយចំនួន ០៣ករណី រហូតឈានដល់ការសម្រេចកាត់ទោសដាក់ពន្ធនាគារ អស់មួយជីវិតនៅឆ្នាំ២០១៤ ពីបទសម្លាប់ស្រ្តី ០៣នាក់នៅទីក្រុង ឡូសអាន់ជែឡេស (Los Angeles) កាលពីចន្លោះឆ្នាំ១៩៨៧ និងឆ្នាំ១៩៨៩។

ក្រោយមកទៀតក៏មានសារភាពទោសថា Samuel Little ធ្លាប់ពាក់ព័ន្ធករណីឃាតកម្ម​សរុបដល់ទៅ ៩៣ករណី ប៉ុន្តែអ្នកស៊ើបអង្កេតអាចផ្ទៀងផ្ទាត់ឃើញថា ត្រឹមយ៉ាងហោចណាស់៥០ករណី។ សរុបសេចក្តីមក Samuel Little តែម្នាក់ឯងបានសម្លាប់មនុស្សរហូតដល់ទៅ ៥០នាក់ ហើយក៏បានក្លាយជាឃាតកដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ៕