(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកាខាងមុខនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈប្រទេសទាំងពីរមានរឿងរ៉ាវសំខាន់ៗមួយចំនួន ត្រូវដោះស្រាយរួមគ្នាជាចាំបាច់។ នេះបើតាមសេចក្តីថ្លែងការណ៍ពីវិមានប្រធានាធិបតីតួកគី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

យោងតាមព័ត៌មានខាងលើ លោក Erdogan បានទទួលយកការអញ្ជើញរបស់លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលថ្ងៃអាទិត្យ។ បន្ថែមពីខាងលើ នៅក្នុងកិច្ចសន្ទនានេះមេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ព្រមទាំងផែនការបង្កើតតំបន់សុវត្ថិភាពមួយ នៅក្នុងភាគឦសានប្រទេសស៊ីរី។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគីលោក Erdogan បានអះអាងកាលពីសប្ដាហ៍មុនថា ទីក្រុងអង់ការ៉ានឹងបង្កតតំបន់សុវត្ថិភាពមួយ នៅភាគឦសានប្រទេសស៊ីរីដោយខ្លួនឯង បើសិនជាគ្មានភាពជឿនលឿនណាមួយ នៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងតួកគីទេនោះ។ ដោយឡែកគេនៅមិនទាន់ច្បាស់ថា តើការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 និងការហាមឃាត់តួកគីក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 នឹងត្រូវលើកយកមកពិភាក្សា ដែឬមួយក៏អត់នោះឡើយ៕