(បាកដាដ)៖ មនុស្សយ៉ាងហោចណាស់ 0៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាជាថ្មី រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងបាកដាដកាលពីថ្ងៃអាទិត្យ ហើយដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០៤នាក់ ខណៈច្រើនជាង ៦,០០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

បាតុកម្មតវ៉ាដ៏ចលាចល និងហិង្សាកាលពីថ្ងៃអាទិត្យគឺបានឈានចូលដល់ថ្ងៃទី ៦ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សទាំង ០៨នាក់ខាងលើបានស្លាប់ នៅឯភាគខាងកើតទីក្រុងបាកដាដ ដោយសារតែគ្រាប់កាំភ្លើងពិតរបស់ប៉ូលិស។ ម្យ៉ាងវិញទៀត បាតុកម្មតវ៉ានេះទៀតសោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាកដាដ ប្រកាសពីការធ្វើកំណែទម្រង់ជាច្រើន ក្នុងគោលបំណងបន្សាបការខឹងសម្បាររបស់ក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ និងភាពអត់ការងារធ្វើ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ីរ៉ាក់ ក្នុងចំណោមមនុស្ស ៦,១០៧នាក់ ដែលរងរបួសក៏មានប៉ូលិសជាង ១,០០០នាក់ផងដែរ ខណៈអគារមួយចំនួនត្រូវបានដុតបំផ្លាញ។ ប៉ុន្តែគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំនាញជាច្រើនបង្ហាញក្ដីព្រួយបារម្ភ ដោយខ្លាចក្រែងក្រុមសកម្មប្រយុទ្ធ ISIS កេងចំណេញពីបាតុកម្មតវ៉ាដ៏ហិង្សា នេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញនៅអ៊ីរ៉ាក់៕