(បាងកក)៖ ចៅក្រមថៃម្នាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការដកកាំភ្លើងបាញ់ខ្លួនឯង នៅ​ក្នុងតុលាការ ក្រោយពីបាននិយាយរិះគន់ប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌នៃប្រទេសថៃ ព្រមទាំងរងសម្ពាធពីមន្រ្តីជាន់ខ្ពស់ នេះបើតាមការដកស្រង់ការផ្សាយចេញពី BBC នៅល្ងាចថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងនៅតុលាការក្នុងខេត្ត Yala ភាគខាងត្បូងប្រទេសថៃ ដែលជាតំបន់សម្បូរទៅដោយសកម្មភាព​របស់ពួកឧទ្ទាម។ ក្រោយពីបានសម្រេចលើកលែងឲ្យបុរសជនជាតិម៉ូស្លីមសរុបចំនួន៥នាក់ រួចផុតពីការចោទប្រកាន់បទឃាតកម្ម ចៅក្រមឈ្មោះ Kanakorn Pianchana បាននិយាយរៀ​បរាប់រិះគន់លើប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ។

លោក Kanakorn បានលើកឡើងដូច្នេះថា «អ្នកត្រូវការភស្តុតាងដែលជាក់ស្តែងហើយអាចទុកចិត្តបាន ដើម្បីដាក់ទោសនរណា​ម្នាក់។ ប្រសិនបើអ្នកមិនប្រាកដទេនោះ គឺកុំដាក់ទោសលើគេឲ្យសោះ។ ខ្ញុំមិនមែនចង់បានន័យថា ជនជាប់ចោទទាំង៥នាក់ មិន​បានប្រព្រឹត្តបទល្មើសនោះទេ គឺពួកគេប្រហែលជាបានប្រព្រឹត្តខុសមែន ប៉ុន្តែនីតិវិធីនៃប្រព័ន្ធយុត្តិធម៌ថៃ ត្រូវតែមានតម្លាភាពនិងអាចទុកចិត្ត​បាន ខណៈការកាត់ទោសមនុស្សដោយភ័ន្តច្រឡំ គឺមិនគួរកើតឡើងឡើយ»

គួរជម្រាបថា ក្រោយនិយាយចប់ ចៅក្រមរូបនោះបានសូត្រពាក្យសម្បថនៅចំពោះមុខព្រះ​ឆាយ​ល័ក្ខណ៍​អតីតស្តេចថៃ រួចទាញ​កាំភ្លើងផ្ទាល់ខ្លួនមកបាញ់មួយគ្រាប់ចំដើមទ្រូង។ យ៉ាងណាមិញ វាមិនបានបណ្តាលឲ្យលោកបាត់បង់ជីវិតភ្លាមៗឡើយ ហើយលោក​ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ខណៈបច្ចុប្បន្នគឺពុំមានការគំរាមកំហែងដល់អាយុជីវិតទេ។

ទាក់ទងទង្វើគួរឲ្យភ្ញាក់ផ្អើលនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ មុនពេលបើកសវនាការខាងលើ មានការបង្ហោះសារ​លើបណ្តាញសង្គម Facebook ថា លោក ​Kanakorn ហាក់បានរងសម្ពាធពីមន្រ្តីជាន់ខ្ពស់ឲ្យកាត់ទោសប្រហារបុរសជនជាតិម៉ូស្លីមទាំង៥​​នាក់​ ដោយទាំងមិនមានភស្តុតាងគ្រប់គ្រាន់៕